ព័ត៌មានជាតិ

ឈ្មួញនៅតែបន្តចរាចរណ៍នៃការដឹកជញ្ជូនឈើ ឆ្លងកាត់បានដោយងាយស្រួល..!

មណ្ធលគិរី# ចរាចរណ៍នៃការដឹកជញ្ជូនឈើ របស់ចែសក់ក្រហម ឆ្លងកាត់ដែនជម្រកសត្វ ព្រៃកែវសីមាកើតមានជាហូរហែ ជាពិសេសជារៀងរាល់យប់។ចែសក់ក្រហមមានអំណាចខាងដឹកជញ្ជូនឈើ និងមានភាពងាយស្រួលរបស់មន្ត្រីបរិស្ថាននៅតាមស្នាក់ការនោះគឺមន្ត្រីនៅស្នាក់ការរងអូរប៉ាម ហៅ៦៤ គ្រាន់តែបង្ហាញវត្តមាននៅស្នាក់ការរៀងរាល់យប់នោះគឺបានលុយចាយយ៉ាងសុខស្រួល។ វត្តមានទាំងប្រធាន សយ សំណាង និងអនុប្រធានប្លុង ចាន់ឌឿន កំពុងកាក់ កបសម្បើមជាមួយ នឹងបទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួន។

តាមទម្លាប់ដូចសព្វដងលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនមានចំណាត់ការចំពោះបញ្ហានេះឬត្រូវឲ្យកូនចៅបង្ក្រាបនោះទេ ពីព្រោះលោកក៏បានលាបសក្ការៈពីបញ្ហានេះដែរ។ លោកឆៅ ប៊ុនធឿន មើល ទៅហាក់ដូចជាមិនមានចេតនា ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើនោះទេ។ ផ្ទុយទៅវិញលោកព្រួយបារម្ភខ្លាចមិនមានបទល្មើស បើមិនមានបទល្មើសនោះ គឺលោកមិនអាចប្រញាប់រូតរះសាងសង់លំនៅឋានឲ្យបានរួចរាល់លឿនរហ័សនោះឡើយ។ បញ្ហាបទល្មើស នៃការដឹក ជញ្ជូនឈើ នៅតែបន្តការមាននៅឯខេត្តមណ្ឌលគិរី ជា ពិសេសឈើដែលដឹកចេញពីតំបន់អភិរក្ស។

ប្រភពរាយការណ៍ថា ជារៀងរាល់យប់រថយន្តដឹកឈើតាមផ្លូវជាតិលេខ៧៦កាត់ស្នាក់ការអូរប៉ាមហៅ ៦៤តែង តែឈប់ចតដើម្បីបង់ប្រាក់ឲ្យលោកសយ សំណាង និងប្លុង ចាន់ឌឿនមិនហ៊ានខកខាន១ជើងណាឡើយ។ រវាងពួកឈ្មួញចាស់វស្សានៅទីនោះ និងមន្ត្រីបរិស្ថានតាមស្នាក់ការ ចាប់ពីស្នាក់ការអូរាំងរបស់លោកកេត ចន្ថារហូតដល់ស្នាក់ការ៦៤សុទ្ធតែជាមនុស្សជិតស្និតនឹងគ្នា ដូច្នេះត្រូវចែកផលប្រយោជន៍ឲ្យគ្នា ដើម្បីបានរស់ស្រួលផង។ ក្រៅពីរថយន្តដឹកឈើពេលយប់ ដែលគេចាត់ទុក ជាចំណីដ៏ឆ្ងាញ់ពិសា សម្រាប់មន្ត្រីឧទ្យានុរក្ស តាមបណ្ដាស្នាក់ការរងលើដងផ្លូវជាតិនោះ ក៏មានរថយន្តដឹកគ្រឿងសង្ហារឹមទាំងយប់ទាំងថ្ងៃ ដែលត្រូវចូលបង់ប្រាក់ឲ្យមន្ត្រីបរិស្ថាននោះផងដែរ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកសយសំណាង ដែលធ្លាប់មានរឿងអាស្រូវបាញ់គោយន្តកន្ត្រៃដឹកឈើនៅស្នាក់ការចំបក់ ជាប់ព្រំប្រទល់ខេត្តក្រចេះពេលនេះកំពុងសម្ងំយកពិស សហការជាមួយលោកប្លុងចាន់ឌឿននៅស្នាក់ការអូតប៉ាមឬ៦៤យ៉ាងត្រជាក់ចិត្ត។ ចែសក់ក្រហម ដឹកជញ្ជូនឈើកាត់មុខ នៅស្នាក់ការនេះ ត្រូវពួកមន្ត្រីបរិស្ថាននិយាយថា មានភាពងាយស្រួលជាងគេ ដោយសារតែពួកអ្នករកស៊ីមិនអាចគេចវាងផុតពីកណ្ដាប់ដៃ របស់មន្ត្រីបរិស្ថានទាំង នេះបានឡើយ។ ពួកមន្ត្រីបរិស្ថាន រួមទាំងលោកសយសំណាង និងលោក ប្លុង ចាន់ឌឿន បង្ហាញវត្តមានតិច តួចនៅក្នុងស្នាក់ការ ប៉ុន្តែពួកឈ្មួញមិនអាចប្រថុយគេចមិនបង់ប្រាក់នោះបានឡើយ។

គេរាយការណ៍ថា បទល្មើសនៃការដឹកជញ្ជូនព្រៃឈើនិងអនុផលព្រៃឈើ ក៏ដូចជាគ្រឿងសង្ហារឹមនៅតាមផ្លូវជាតិលេខ៧៦ បានកើតមានយ៉ាងសកម្ម ទាំងយប់ ទាំងថ្ងៃ ហើយវាជាប្រភពចំណូលដ៏ស្ងាត់ស្ងៀមរបស់លោកសយសំណាង និងប្លុងចាន់ឌឿន។ រឿងនេះ មិនមែនលោកប្រធានដែនជម្រកសត្វព្រៃកែវសីមា និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនដឹងនោះទេ។ ប៉ុន្តែនេះវាជា

វប្បធម៌ នៃការចែករំលែកគ្នារវាងឈ្មួញ និងសមត្ថកិច្ចជាពិសេសក្រុមមន្ត្រីបរិស្ថាននៅតាមដងផ្លូវ។ គេថា មិនមែនតែលោក សយ សំណាង និងលោក ប្លុង ចាន់ឌឿន ទេ តែកាក់កបសូម្បីតែលោកកេត ចន្ថា ប្រធានស្នាក់ការរងអូររាំងក៏កាក់កបដូចគ្នានេះដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។