ព័ត៌មានជាតិ

អបអរសាទរ ខេត្តពោធិ៍សាត់ ទទួលជ័យលាភីពានរង្វាន់ សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ) ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណ: អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធី«សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួង។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរៀបចំការប្រឡងប្រណាំងជ្រើសរើស និងផ្ដល់ជ័យលាភីពានរង្វាន់សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋបាលខេត្តពោធិ៍សាត់ ទទួលជ័យលាភី លើជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម រដ្ឋបាលខេត្តប្រចាំឆ្នាំ ២០២២-២០២៣ នៅទូទាំងប្រទេស។

រដ្ឋបាលខេត្តពោធិ៍សាត់ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីទីចាត់ការ អង្គភាពជំនាញ​ កងកំលាំងសមត្ថកិច្ច​របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ ដែលតែងបានអនុវត្តយ៉ាងសកម្មតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៦អាណត្តិកន្លងមក និងបន្តបន្ថែមកម្លាំងសាមគ្គី​ មូលគំនិតយោបល​ សកម្មភាព​ យ៉ាងស្រុះដៃក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនាំឱ្យរដ្ឋបាលខេត្តពោធិ៍សាត់  ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ បានពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ជាច្រើនដំណាក់កាល ទម្រាំខេត្តពោធិ៍សាត់ទទួលបានពានរង្វាន់ជ័យលាភី​ នាពេលនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។