ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគ «ដែលតា» ៣៦ករណីបន្ថែមទៀត និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ!

(ភ្នំពេញ) នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៣៦ករណីបន្ថែមទៀត ដែលក្នុងនោះរាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ ស្ត្រី១២៥នាក់។ ក្រសួងសុខាភិបាល បានលើកឡើងថា តាមរយៈទិន្នន័យនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩។ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ «៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា» តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ ដោយឡែកបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។