ព័ត៌មានជាតិ

អបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ នៅខេត្តសៀមរាប

(សៀមរាប) ៖ នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរ សុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងដង្ហែពានជ័យលាភីនៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប។ ពិធីនេះបានធ្វើឡើងនៅ សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី​ រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ពិធីអបអរសាទរនេះ គឺដោយសារខេត្តសៀមរាប មានអង្គភាពដែលទទួលបានជ័យលាភីមានចំនួន​ ៤អង្គភាព ១.អនុវិទ្យាល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ) , ២.មណ្ឌលសុខភាព គោកចក (ចំណាត់ថ្នាក់លេខ២) , ៣. សាលាបឋមសិក្សា វត្តបូព៌ (ចំណាត់ថ្នាក់លេខ៣ ) និងទី៤ សាលាបឋមសិក្សាក្រវ៉ាន់ (ចំណាត់ថ្នាក់លេខ៦) ដោយផ្អែកតាមរយៈការវាយតម្លៃទូទាំងប្រទេស​ និងឆ្លងការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេសអន្តរ ក្រសួងនៃ(គ.វ.ជ)។

លោកស្រី ម៉ននី​ រងី្ស បានថ្លែងឲ្យដឹងថា ដើម្បីបន្តជម្រុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើមី្បប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដា ទី១.លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២.ការបង្រៀននិងរៀន ស្តង់ដាទី៣.ការចូលរួមរបស់សហគមន៍ ស្ដង់ដាទី៤.ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន។

ក្នុងនោះលោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល មានគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃមានចំនួន​ ៨ស្តង់ដា គឺ១.ស្ដង់ដាសេវាសាធារណៈ ២.ស្ដង់ដា ឬ និយាមនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុង អង្គភាព ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អ បរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំង ការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយ ប្រជាពលរដ្ឋ និងសហគមន៍ និង៨. ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍។

លោកស្រីបានបន្តទៀតថា ដើម្បីបន្តជម្រុញលើកំណែទម្រង់លើកកម្ពស់លើការសិក្សារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជម្រុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និង ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤បន្តទៀត។ លោកស្រីបានបញ្ជាក់ទៀតថា ការមានបញ្ហាថ្នាំងថ្នាក់ក្នុងការបម្រើសេវាពីប្រជាពលរដ្ឋ ត្រូវដោះស្រាយដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ពន្យល់ហេតុផល និងអាចទទួលយកបាន គឺ ត្រូវមានគំនិតផ្តួចផ្តើមថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរកាន់តែល្អប្រសើរជាងមុន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។