ព័ត៌មានជាតិ

កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃអង្គារ ១០រោចខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២៤ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ខិតខំ ពង្រឹងនិងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើនិងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប្រភេទ(ក២) និង(ក៤) ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនាំយកជូនដល់ខ្នងផ្ទះផងដែរ ។ មិនតែប៉ុណ្ណោះកម្លាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋានដើម្បីសាកសួរអំពីបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានក្រែងមានហេតុការណ៍ឬបទល្មើសកើតឡើង។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតប រាល់សំណូមពរ តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយ ជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនចៅគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា៕ដោយជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។