ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង  អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេស លើការងារពង្រឹង និងពង្រីកចំណង ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ

(ព្រៃវែង) ៖ នាថ្ងៃទី២៥  ខែមេសា​ ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង  បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេស លើការងារពង្រឹង និងពង្រីកចំណង ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយស្ថិតស្ថេររឹងមាំយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជិន លីវក្វាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀបចំធ្វើឡើង នៅមន្ទីរបក្សខេត្ត តៃនិញនៃប្រទេសវៀតណាម។

សូមបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរបានពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមព្រំដែន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារដែលនៅ សេសសល់ មួយចំនួនទៀតផងដែរ។

ជាទីបញ្ចប់ ឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានប្តេជ្ញា បន្តជំរុញបន្ថែម និងសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ជាពិសេស ពាណិជ្ជកម្មតាមព្រំដែន និងប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅរវាងខេត្តជាប់ព្រំដែន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។