ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួងចុះពិនិត្យស្ថានភាព ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល

នាថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការណែនាំពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីការសម្របសម្រួលពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។

បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សារៈសំខាន់នៃទីតាំងឈរជើងនេះគឺ អាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។