ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៣ ជូនពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំមហាលាភ ស្រុកកោះសូទិន

(កំពង់ចាម) ៖នៅព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា រួមនិងព្រះវត្តមានមេគណខេត្ត អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងព្រះមន្ត្រីសង្ឃនៃសាលាគណ សាលាអនុគណ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រគល់ផ្ទះបន្ទាប់ទី១៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ ឈ្មោះ ជួន សាវឿន អាយុ ៤២ឆ្នាំ រស់នៅ ភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ។

គូរបញ្ជាក់ថា ផ្ទះមនុស្សធម៌បន្ទាប់ទី១៣ ខាងលើ គឺជាប្រភេទផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកោះសូទិន រួមនិងសប្បុរសជន។ ក្នុងនោះ ឯកឧត្តម ក៏បានផ្តល់បន្ថែមជាសម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន: អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។