ព័ត៌មានជាតិ

ម្ចាស់ផ្ទះ​​ទៅ​លេង​បុណ្យ​បញ្ចុះ​សី​ម៉ា​​ ​មក​វិញ​​ចោរ​គាស់​ទ្វារ​លួច​គ្រឿង​អ​ល័​ង្កា​រនិង​ប្រាក់​អស់.!

(បាត់ដំបង) ​ ៖ ក្រោយ​ត្រឡប់​មក​ពី​ចូលរួម​បុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សី​ម៉ា​វិញ ស្រាប់តែ​ម្ចាស់ផ្ទះ​បាន​ផ្អើល​ឆោឡោ​ឡើង​នៅ​ពេល​ឃើញ​ទ្វារ​ខាងក្រោយ​ផ្ទះ ត្រូវ​ចោរ​គាស់​ធ្លុះធ្លាយ រីឯ​អីវ៉ាន់​នៅ​ក្នុង​បន្ទប់​ត្រូវ​បាន​គេ​រើ​កកាយ ជាមួយ​​​នឹង​ការ​បាត់បង់​អស់​នូវ​គ្រឿង​អ​ល័​ង្កា​រ និង​ប្រាក់ ដែល​គេ​សន្និដ្ឋាន​ថា អាច​ត្រូវ​ចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​យក នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៦ មេ​សា នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ពេល​ដែល​ម្ចាស់​រវល់​ទៅ​លេង​បុណ្យ​បញ្ចុះ​សី​ម៉ា​នៅ​ខេត្ត​បន្ទាយមានជ័យ​ ។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ រិ​ន ណា​រិ​ទ្ធ ភេទប្រុស​ អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​លក់ដូរ រស់នៅ​ចំណុច​កើតហេតុ​ ។ ផ្ទះ​ជន​រង​គ្រោះ ត្រូវ​ជន​មិន​ស្កាល់​មុខ​គាស់​ទ្វារ​ខាង​ក្រោយ​ចូល​លួច​គ្រឿង​អ​ល័​ង្កា​រ និងប្រាក់​អស់​គ្មាន​សល់ នៅ​ពេល​គាត់ ​និង​ក្រុម​គ្រួសារ​រវល់​ទៅ​លេង​បុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សី​ម៉ា នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទើបបាន​ដឹង ក្រោយ​ឃើញរ​បើកទ្វារ​ខាងក្រោយ​របើករបាញ និងស្នាម​រើ​កកាយ​អីវ៉ាន់ និង បាត់​ទ្រព្យសម្បត្តិ​អស់ពី​ក្នុង​បន្ទប់​។

បើ​តាម​របាយ​ការ​ណ៍​ដែល​សមត្ថកិច្ច​បាន​ស្រង់​ពី​ម្ចាស់ផ្ទះ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ១-​ខ្សែ​ក​មាស​០១​ខ្សែ​ទម្ងន់​១,៣​ជី មាន​តម្លៃ​៣,០២០​ដុល្លា ២,-ខ្សែ​ក​ប្លា​ទី​ន​០២​ខ្សែ​តម្លៃ​៧៥០​ដុល្លា ៣- កងដៃ​ប្លា​ទី​ន​ចំនួន​០១ តម្លៃ​៣០០​ដុល្លា ៤-ប្រាក់​ខ្មែរ​ចំនួន​១,៦​លាន​រៀល​ ។ នាយ​ប៉ុ​ស្ដិ៍​នគរបាល រដ្ឋបាល​ឃុំ​អន្លង់​វិល លោក ក្រូច ណា​រ៉ុ​ង បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​យប់​កើតហេតុ ម្ចាស់ផ្ទះ​មិន​បាន​នៅទេ គឺ បិទទ្វារ​ចាក់សោរ ហើយ​នាំ​គ្នា​ទៅ​លេង​បុណ្យ​ប​ញ្ជុះ​ខ័​ណ្ឌ​សី​ម៉ា នៅ​ខេត្ត​បន្ទាយ​មានជ័យ តែ​គាត់​បានដឹង​ថា ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​ពេល​ក្រុម​គ្រួសារ​នេះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​។

លោក​ថា នៅ​ពេល​ដឹង​ថា ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ ជន​រង​គ្រោះ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ លោក មេ​ប៉ុ​ស្ដិ៍រូប​នេះ​បាន​បញ្ជាក់​ថា នៅផ្ទះ​ជន​រង​គ្រោះ​ក៏​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​(​ចោរ​) កាត់​ខ្សែ​បំផ្លាញ​ចោល​ទាំងអស់​មុន​ពេល​ចូល​ធ្វើ​សកម្មភាព​។

លោក ក្រូច ណា​រ៉ុ​ង បាន​បញ្ជាក់​បន្ថែម​ថា កម្លាំង​ជំនាញ​បាន​ចុះ​ត្រូ​ត​ពិនិត្យ​កន្លែង​កើតហេតុ​រួច​ហើយ តែ​នៅ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​អំពី​មុខសញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​នៅឡើយ ៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។