ព័ត៌មានជាតិ

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង

(ព្រៃវែង) :នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ចាប់តាំងពីម៉ោង ៦ព្រឹកមក សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលមកពីស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង និងប្រធាន អនុប្រធាន សមាជិកសមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្ត ក្រុង ឃុំសង្កាត់សរុបប្រមាណជាងបួនពាន់នាក់បានធ្វើដំណើរប្រកបដោយទឹកមុខសប្បាយរីករាយ ដើម្បីប្រមូលផ្តុំ និងជួបជុំគ្នានៅបរិវេណមង្គលវីឡា-ព្រៃវែងបុរី នៃទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមគាំទ្រក្នុងសកម្មភាពបំរើជាតិ បំរើប្រជាជនរបស់គណបក្សប្រជាជន ពិសេសគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យនាេពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីគុណតម្លៃសុខសន្តិភាពដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់ ដែលជាសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យសម្រាប់ប្រជាជនទូទាំងប្រទេស។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេស គាំទ្រដល់ដំណើរការការពារសុខសន្តិភាព និងការអភិវឌ្ឃជាតិ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមអំពាវពាវដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។