ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ សម្រែកជ័យឃោស “ជយោ គណបក្សប្រជាជនកម្ពុជា”

សម្រែកជ័យឃោស “ជយោ គណបក្សប្រជាជនកម្ពុជា” បានលាន់ឮកងរំពង លាយឡំនឹងសម្លេងខ្ញៀវខ្ញា ក្អាកក្អាយចេញពីក្រអៅបេះដូង ប្រកបដោយទឹកចិត្តសប្បាយរីករាយជាអនេក និងក្តីសង្ឃឹមយ៉ាងមុតមាំរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងក្មេង ចាស់ ប្រុស ស្រី ដែលបានអញ្ជើញមកពីឃុំទាំង៧ ក្នុងស្រុកតំបែរ យ៉ាងច្រើនកុះករដើម្បីចូលរួមហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រារព្វនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីដ៏មហោឡារិក អធិអធមជាប្រវត្តិសាស្រ្តនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុម ការងារថ្នាក់ជាតិចុះស្រុកតំបែរ ឯកឧត្តម លោកជំទាវប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំង ៧ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ និងបងប្អូនជាសមាជិកបក្សសរុបចំនួន ២ ១០០នាក់។

ក្នុងពិធីជួបជុំសមាជិក សមាជិកានៃមហាគ្រួសារបក្សទូទាំងស្រុកតំបែរ ឯកឧត្តមប្រធានក្រុមការ ងារបានមានមតិទៅកាន់អង្គពិធីប្រកបដោយខ្លឹមសារស៊ីជម្រៅអំពីសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ភាពខ្លាំងរបស់គណបក្ស និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយសុភមង្គល សេចក្តីសុខ សេចក្តីចម្រើន សេចក្តីថ្លៃថ្នូរ កិត្តិយសដ៏ឧត្តុង្គឧត្តម វិបុលភាព និងការអភិវឌ្ឍ និងជាពិសេសផែនការឆ្ពោះទៅកាន់ភាពជោគ ជ័យនៃការបោះឆ្នោះឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតសកលនាឆ្នាំ២០២៣។ មតិផ្តាំផ្ញើចុងក្រោយសំខាន់ៗរបស់ឯកឧត្តមប្រធានក្នុងពិធីបិទយុទ្ធនាការនេះគឺ ៖

១- ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត ព្រមជាមួយគោលការណ៍ណែនាំសំខាន់ៗមួយ ចំនួនទៀតរបស់ គ. ជ. ប ។

២- មិនត្រូវពិសារគ្រឿងស្រវឹងនៅថ្ងៃទី៤ និងទី៥ ជាដាច់ខាត។

៣- ត្រូវត្រៀមឯកសារទាក់ទងការបោះឆ្នោតឲ្យបានគ្រប់គ្រាន់មុនទៅបោះឆ្នោត។

៤- ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណ: ធ្វើចរាចរឲ្យបានល្អ រក្សាភាពថ្លៃថ្នូរ មានវិន័យ និងសីលធម៌ ក្នងអំឡុងពេលដង្ហែរក្បួន និងបោះឆ្នោត។

៥- ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ចុងបញ្ចប់ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងការចូលរួមយុទ្ធនាការឃោសនាកន្លងមកទទួលបានជោគជ័យ និងថ្លែងអំណរគុណជូនដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់បង្កលក្ខណងាយស្រួលដល់យុទ្ធនាការនេះ។ ជាថ្មីម្តងទៀត លោកបានលើកទឹកចិត្ត និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខសុវត្ថិភាព និងដណ្តើមបានជ័យជំនះមកជូនគណបក្សយើង។

ក្បួនដង្ហែរបានចាប់ផ្តើមចេញដំណើរទៅតាមគោលដៅរៀងៗខ្លួន ប្រកបដោយសណ្តាប់ធ្នាប់ របៀបរាបរយ និងសេចក្តីថ្លៃថ្នូរ ដោយមានរថយន្តតូច ធំគ្រប់ប្រភេទជិះពេញដោយសមាជិកបក្ស និងមានការតាក់តែងលម្អដោយមានចងបដា ទង់ជាតិ ទង់បក្ស និងស្លាកសញ្ញាគណបក្សដែលមាន រូបទេវតាបាចផ្កា និងរូបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្បួនរថយន្តដង្ហែរបានលូនសន្សឹមៗចេញពីស្នាក់ការគណ បក្ស ឆ្ពោះទៅកាន់ឃុំគោលដៅទាំង ៧ អមដោយសម្រែកជ័យឃោសយ៉ាងកងរំពង លាយឡំដោយសំណើច និងស្នាមញញឹម ច្រៀងសប្បាយនូវបទភ្លេង ចម្រៀងពិរោះរណ្តំក្រសោបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតអំពីកិត្យានុភាពលើឆាកអន្តរជាតិរបស់សម្តេចតេជោ ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រទេសជាតិ សុខសន្តិភាព និងភាពជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា នារយ:ពេលកន្លងមកក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ និងសម្លេងឃោសនស័ព្ទចាក់ផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។