ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម អញ្ជើញដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២!!

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល -ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកជំទាវ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ក្រុងកំពង់ចាម ប្រមាណជាង ៥០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានគណបក្សខេត្តកំពង់ចាម ឯកឧត្តមលោកជំទាវ ក្រុមការងារគណបក្សចុះជួយ ក្រុង ស្រុក ឃុំ សង្កាត់ គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្ស ស្រុក ឃុំ សង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធ។

ឆ្លៀតឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។

ឯកឧត្តម ប្រធានគណបក្សខេត្តបានបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សាកើតឡើងឡើយ។

ក្នុងឳកាសនោះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្ស បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ(ឯ.អ) ឱ្យបានគ្រប់ៗ ដើម្បីឱ្យគណបក្សបន្តដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការីកចំរើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។