ព័ត៌មានជាតិ

កិច្ចប្រជុំតាមដានត្រួតពិនិត្យ វាយតម្លៃលើកការគ្រប់គ្រងមន្ត្រីរាជការរបស់រដ្ឋបាលខេត្ត

(សៀមរាប) ៖នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត និងទីចាត់ការ អង្គភាព ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាខេត្តសៀមរាប និង មន្ទីរសុខាភិបាលខេត្ត បានចូលជួបធ្វើកិច្ចសម្ភាសជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ។

ក្នុងកិច្ចស្វាគមន៍នោះដែរលោក លី សំរិទ្ធ អភិបាលរងខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព សមិទ្ធផលរបស់ ខេត្តសៀមរាប សំខាន់លើការងារគ្រប់គ្រង ដឹកនាំមន្ត្រីរាជការ ព្រមទាំងបានបញ្ជាក់អំពីតួលេខក្របខណ្ឌ័នៃមន្ត្រីរាជការ បម្រើការងារនៅរដ្ឋបាលខេត្ត និង ការបម្រើលើការងារសេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបណ្ឌិត ជូន រក្សា ក៏បានគូសបញ្ជាក់ថា កិច្ចសម្ភាសជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការនាពេលនេះ ក្នុងគោលបំណង ដើមី្បពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមាន តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច និង ការគ្រប់គ្រង ការចាត់ចែង ការផ្តល់សេវាសាធារណៈ និង ការប្រើប្រាស់ធនធាន ដោយផ្អែកតាមគោលការណ៍ នីតិវិធី ស្តង់ដាសេវា និង ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ។ ឯកឧត្តមក៏បានបន្តទៀតថា ក្រុមការងារក្រសួងមហាផ្ទៃ និងធ្វើការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃទៅលើការអនុវត្តប្រព័ន្ធគ្រប់គ្រង ការចាត់ចែងកិច្ចការរដ្ឋបាល ការបំពេញតួនាទី ភារកិច្ច និង សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ព្រមទាំងការគ្រប់គ្រងវត្តមានបុគ្គលិក មន្ត្រីរាជការ និង ពិនិត្យនីត្យានុកូលភាព លើសំណុំឯកសារ លិខិតរដ្ឋបាល និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា និង កិច្ចការមានការ ពាក់ព័ន្ធ របស់រដ្ឋបាលខេត្តសៀមរាប ។​ ឯកឧត្តមក៏បានលើកផងដែរថា ដើមី្បធានាឲ្យបានការអនុវត្តសេវាសាធារណៈនោះ យើងទាមទាក្នុងការពង្រឹងនូវសមត្ថភាពរបស់មន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលទៅតាមជំនាញ ។

ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការកោតសរសើរលើការគ្រប់គ្រងសេវាសាធារណៈរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងគ្រប់គ្រងសេវាលើចំណីអាហារ សណ្ឋាគារ ផ្ទះសំណាក់បានល្អ ក្នុងការទាក់ទាញដល់ភ្ញៀវចូលមកស្នាក់នៅកម្សាន្ត កាន់តែច្រើននៅបុណ្យឆ្លងឆ្នាំសកលពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។