ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខ​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៣នាក់ រួមនឹង​ថ្នាំញៀនជាង ១៨៥គីឡូក្រាម មុននិងបញ្ជូនខ្លួនទៅតុលាការ​ក្រុងភ្នំពេញ

(ភ្នំពេញ)៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង​មហាផ្ទៃ​ បានបង្ហាញមុខ​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រុសស្រី​ចំនួន​ ៣នាក់ និងគ្រឿងញៀនដែលរឹបអូសបានជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ដោយ​អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។ សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣ ៨២៣.២០ក្រាម (១៨៣គីឡូ និង៨២៣.២០ក្រាម) និងមេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម)។ សរុបវត្ថុតាងគ្រឿងញៀន៖ ១៨៥ ៨១៩.២០ក្រាម (១៨៥គីឡូ និង៨១៩.២០ក្រាម)។

បច្ចុប្បន្នជនល្មើសទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។