ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

(ភ្នំពេញ) :នារសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានមកធ្វើទស្សនៈកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងបានជូនពរឯកឧត្តម ព្រមទាំងគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។

សម្ដេចចក៏បានសម្ដែងការគាំទ្រនូវកិច្ចពិភាក្សារវាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តមស្នងការនគរបាលសហព័ន្ធអូស្ត្រាលី អំពីការជួយជ្រោមជ្រែងការងារបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការផ្ទេរជំនាញ និងចំណេះដឹងពីនគរបាលអូស្ត្រាលីដល់នគរបាលកម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនានាដែលកំពុងកើតមានក្នុងក្របខណ្ឌតំបន់ និងសាកលោក រួមមានបទល្មើសបច្ចេកវិទ្យា និងប្រឆាំងការសម្អាតប្រាក់ជាដើម។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ជាពិសេសទៅលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈនានាដែលកំពុងនៅជាធរមាន និងបានជំរុញឱ្យភាគីទាំងពីរបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្តទៀត និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទាំងឡាយណាដែលយល់ថាចាំបាច់ដើម្បីបំរើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួមចំណែកផ្ដល់នូវជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងថាបើទោះបីជាប្រទេសកម្ពុជា ស្ថានភាពកូវីដ-១៩មានការកើនឡើងចំនួនអ្នកឆ្លងនាប៉ុន្មានសប្ដាហ៍នេះក៏ដោយ ក៏ប៉ុន្តែអត្រាអ្នកស្លាប់មានចំនួនតិច ដោយសារប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានច្រើននៅទូទាំងប្រទេស។

ជាការឆ្លើយ តបឯកឧត្តម Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលីបានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានអនុញ្ញាតជូនឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ឯកឧត្តមស្នងការក៏បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការបន្តជួយផ្ទេរចំណេះដឹង និងជំនាញពីនគរបាលអូស្ត្រាលីជូនដល់នគរបាលជាតិកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។ ឯកឧត្តមស្នងការនគរបាលសហពន្ធ័អូស្រ្តាលី បានជម្រាបជូនសម្ដេចនូវការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តការទ្វេភាគីរវាងនគរបាលនៃប្រទេសទាំងពីរ កម្ពុជា អូស្រ្តាលី។

ឯកឧត្តមបន្តថាក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំមកនេះ នគរបាលកម្ពុជា និងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឱ្យចំណងមិត្តភាពនេះក្លាយទៅជាមិត្តភាពប្រពៃណី ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ ឯកឧត្តម បានប្តេជ្ញាបន្តសហការជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋនានា ដែលមានអង្គការចាត់តាំង។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថាកន្លងមកសមត្ថកិច្ចកម្ពុជាចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន និងកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម។ ជាមួយគ្នានេះឯកឧត្តមស្នងការនគរបាលអូស្ត្រាលីក៏បានជម្រាបជូនសម្ដចអំពីការចូលរួមចំណែក និងជួយជ្រោមជ្រែងរបស់ភាគីនគរបាលអូស្ត្រាលីលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។