ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះសម្ពោធផ្លូវជាតិលេខ៣ នៅសប្តាហ៍ក្រោយនឹងមានសមិទ្ធផលថ្មីមួយទៀត

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ព្រមទាំងជាការតភ្ជាប់ពីទិសខាងត្បូង និងទិសខាងជើង រវាងរាជធានីភ្នំពេញ ទៅកាន់តំបន់មាត់សមុទ្រ ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុផងដែរ ហើយមួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។

សម្តេចតេជោ ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅកំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ សម្រាប់ប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ថ្ងៃនេះ យើងទទួលបានសមិទ្ធផលផ្លូវថ្នល់ ហើយនៅសប្តាហ៍ក្រោយសម្តេចតេជោ និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញទៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមន្ទីរពេទ្យដ៏ធំមួយ ស្ថិតនៅខេត្តត្បូងឃ្មុំ នេះជាបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន និងជាមួយដៃគូអភិវឌ្ឍទាំងអស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។