ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនស្ត្រីម្នាក់ ករណីជួញគ្រឿ.ង.​ញៀន.សរុបជាង១គីឡូក្រាម!

(បាត់ដំបង) ៖ ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ជាមួយនឹងការរឹបអូសនូវគ្រឿង​ញៀនចម្រុះជាង០១គីឡូក្រាម កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៣ កុម្ភៈ ខណៈស្ត្រីរូបនេះ កំពុងធ្វើសកម្មភាពល្មើសច្បាប់នៅចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ ។

របាយការណ៍កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វណ្ណា សំណាង ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងជំនាញ កង​រាជ​អាវុធហត្ថខេត្ត ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។ ជាមួយនឹងការឃាត់ខ្លួនជាលើកដំបូងនេះ មន្ត្រីជំនាញដកហូតថ្នាំញៀនមួយចំនួនតូច ។ ប៉ុន្តែក្រោយស្ត្រីរូបនេះសារភាព ទើបកម្លាំងជំនាញ ចុះឆែកឆេរលំនៅឋានស្ត្រីរូបនេះរកឃើញថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជននេះលាក់ទុក ។

បើតាមមន្ត្រីជំនាញបានប្រាប់ថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យជាបន្តបន្ទាប់រួមមាន ១-ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០៤កញ្ចប់ ទម្ងន់១១ក្រាម ២-ថ្នាំញៀនប្រភេទ MDMA (ថ្នាំគ្រវីក្បាល)ចំនួន៧៥កញ្ចប់ ទម្ងន់១៣៨៧,៧៣ក្រាម ៣-ថ្នាំញៀនប្រភេទ Wy (យ៉ាម៉ា) និង ម៉ូតូ០១គ្រឿង ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនស្ត្រីរូបនេះទៅកាន់សាលាដំបូងខេត្តហើយ ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។