ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រតម្លើងកម្រិតមន្ទីរពិសោធន៍ និងផែនការវិនិយោគក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រតម្លើងកម្រិតមន្ទីរពិសោធន៍ ២០២៣-២០៣០(MAFF Strategic Plan for Laboratory Upgrading-SPLU 2030) និងផែនការវិនិយោគក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការពង្រឹងមន្ទីរពិសោធន៍ឱ្យបានប្រសើរ ដោយមិនធ្វើការពង្រីកបន្ថែម តែត្រូវពិនិត្យសម្ភារ ធនធានមនុស្សដែលត្រូវពង្រឹង និងអភិវឌ្ឍបន្ថែមឱ្យកាន់តែល្អនិងមានសមត្ថភាពពិតប្រាកដ។

មន្ទីរពិសោធន៍ដែលគ្រោងរៀបចំឡើងនេះ គឺនឹងជួយអង្គភាពជំនាញទទួលបន្ទុកតាមអនុវិស័យកសិកម្ម សត្វ ជលផល និងកសិ-ឧស្សាហកម្ម ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណ:ឈានដល់កម្រិតស្តង់ដាត្រួតពិនិត្យសុវត្ថិភាពកសិ-ផលិតផលសម្រាប់ការនាំចេញ។ រីឯមន្ទីរពិសោធន៍នៅតាមសាកលវិទ្យាល័យ គឺនៅបន្តការងារពិសោធន៍ និងបណ្តុះបណ្តាលនិស្សិតលើការងារពិសោធន៍ ហើយត្រូវមានទំនាក់ទំនងនឹងមន្ទីរពិសោធន៍ថ្នាក់ជាតិ។ ជាមួយគ្នានេះដែរ មន្ទីរពិសោធន៍ត្រូវពិនិត្យបន្ថែមទៀតលើឧបករណ៍ដែលចាំបាច់ ត្រូវបំពាក់ ដើម្បីបម្រើការងារពិសោធន៍ឱ្យកាន់តែមានប្រសិទ្ធភាពនិងងាយស្រួល។ ជាងនេះទៅទៀត គឺត្រូវរៀបចំធ្វើបញ្ជីសារពើភណ្ឌមន្ទីរពិសោធន៍ ដើម្បីពិនិត្យនិងសិក្សា អ្វីដែលប្រើប្រាស់ និងតម្រូវការ ដើម្បីធានាប្រសិទ្ធភាពការងារ។

សូមជម្រាបជូនថា ACSEP ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការមកពី ADB, AFD, AIF, JFPR, និងបដិភាគរាជរដ្ឋាភិបាលកម្ពុជា(RGC) សរុបចំនួន ១១០,០៦លានដុល្លា ដែលនឹងប្រើប្រាស់សម្រាប់វិនិយោគលើមន្ទីរពិសោធន៍ចំនួន ៤ រួមមានមន្ទីរពិសោធន៍ចំនួន ២ នៅអគ្គនាយកដ្ឋានកសិកម្ម មន្ទីរពិសោធន៍ចំនួន ១ នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្ទីរពិសោធន៍ ១ ទៀតនៅនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ការវិនិយោគនេះ គឺធ្វើយ៉ាងណាតម្លើងកម្រិតមន្ទីរពិសោធន៍វិភាគសុវត្ថិភាពកសិ-ផលិតផលឱ្យមានការទទួលស្គាល់ពីស្ថាប័នស្តង់ដាអន្តរជាតិ(International Organization for Standardization) ISO17025៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។