ព័ត៌មានជាតិ

ឯកឧត្ដម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម និងជម្រាបលា

(ភ្នំពេញ) ៖ នៅថ្ងៃសុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី SOMLID Daohoung Suli អញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលាបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រូវបានបញ្ចប់។

ក្នុងឱកាសនោះឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍ការងារនៅប្រទេសកម្ពុជា និងបានបញ្ចប់ដោយជោគជ័យ ហើយក៏បានមកចូលជួបសម្ដែងការគួរសម និងជម្រាបលាទៅប្រទេសឡាវវិញ។ ឯកឧត្តម បន្ថែមថា ពន្ធនាគារឡាវ និងកម្ពុជាបានជួបគ្នាចំនួន០៤លើកមកហើយ ដូច្នេះឯកឧត្តមសង្ឃឹមថា គណៈប្រតិភូពន្ធនាគារឡាវនិងទទួលបាននូវការស្វាគមន៍ដ៏កក់ក្តៅពីកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី SOMLID Daohoung Suli ប្រធាននាយកដ្ឋានពន្ធនាគារ និងជាគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងភាពស្និទ្ធស្នាល។ ក្នុងឱកាសជម្រាបលានាពេលនេះឯកឧត្តមក៏បានមានប្រសាសន៍ថាគណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារឡាវ ដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះគឺចង់ជួបសំដែងការសួរសុខទុក្ខ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកម្ពុជាផងដែរ។ ជាពិសេសការសហការរវាងប្រទេសជិតខាងមាន កម្ពុជា វៀតណាម ជាដើម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៅតាមពន្ធនាគារផ្សេងៗនៃប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចផ្លូវការមក ឃើញថានៅតាមបណ្ដាខេត្ត និងនៅភ្នំពេញមានលក្ខណៈល្អ ទាំងការគ្រប់គ្រង ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងវិន័យល្អ ព្រមទាំងមានការរីកចម្រើនជាងមុន។ ឯកឧត្តមបានបន្តទៀតថា ពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវនិងមានកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ពន្ធនាគាររវាងប្រទេសជិតខាង ដូច្នេះឯកឧត្តមក៏បានសុំអញ្ជើញគណៈប្រតិភូពន្ធនាគារប្រទេសកម្ពុជាឱ្យទៅចូលរួមនៅឆ្នាំ២០២៤ ខាងមុខផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូឡាវ បានជូនពរគណៈប្រតិភូកម្ពុជាឱ្យជួបតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

ជាការឆ្លើយតប ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជួសនាមឱ្យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូពន្ធនាគារឡាវ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្តទៀតថា ការងារគ្រប់គ្រងពន្ធនាគារនេះ យើងឃើញថាប្រទេសទាំងពីរមានការទំនាក់ទំនងល្អណាស់ ជាពិសេសក្នុងដំណើរទស្សនកិច្ចនាពេលនេះ អគ្គនាយកដ្ឋានពន្ធនាគារទាំងកម្ពុជា ឡាវ បានផ្លាស់ប្ដូរបទពិសោធន៍ល្អៗលើការងារពន្ធនាគារ ការគ្រប់គ្រងជនបរទេស ការអប់រំទណ្ឌិតទូទៅ ការងារឆ្មាំយាម អន្តរាគមន៍ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការដោះស្រាយជីវភាព និងការចាត់តាំងពលកម្ម ការប្រើប្រាស់កាមេរ៉ា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពាក់ព័ន្ធនឹងការងារដោះលែងអ្នកទោសមុនពេលកំណត់។ នេះហើយជាបទពិសោធន៍មិនខុសគ្នាទេរវាងប្រទេសទាំងពីរ។ ដោយតាំងនាមឱ្យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ខ្ញុំក៏សូមស្វាគមន៍នូវដំណើរទស្សនកិច្ចនិងសូមផ្ដល់ជាយោបល់ខ្លះៗជុំវិញសហប្រតិបត្តិការនេះដូចជាៈ
-ស្នើសុំឱ្យបន្តពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទាំងពីរ
-សូមបន្តចែករំលែកនូវបទពិសោធន៍ព័ត៌មានគ្រប់គ្រង
-ជួយសម្រួលផ្នែកច្បាប់ គឺថាការងារពាក់ព័ន្ធគ្រប់គ្រង ថែទាំអ្នកទោសនៅក្នុងពន្ធនាគារ
-ផ្ដល់ព័ត៌មានពីមុខសញ្ញាសំខាន់ៗ ពិសេសមេខ្លោងគ្រឿងញៀន មុខសញ្ញាគ្រោះថ្នាក់ដែលផ្លាត់ចេញពីពន្ធនាគារ
-ចែករំលែកចំណុចល្អៗ បទពិសោធន៍ការងារនៃការស្ដារនីតិសម្បទា ការធ្វើសមាហរណកម្មជនជាប់ឃុំនៅក្នុងសង្គម។

ជាថ្មីម្ដងទៀតជំនួសមុខឱ្យឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមឯកឧត្តមផ្ទាល់ និងជំនួសមុខឱ្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមជូនពរគណៈប្រតិភូពន្ធនាគារប្រទេសឡាវក្នុងដំណើរទស្សនកិច្ចនិងការត្រឡប់ទៅប្រទេសឡាវវិញ សូមជួបប្រទះតែសេចក្តីសុខនិងសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។