ព័ត៌មានជាតិ

កម្លាំងសមត្តកិច្ច ចុះបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងនាំខ្លួនជនសង្ស័យ មកស្នងការដ្ធាននគរបាលខេត្តបាត់ដំបង

🚔  (បាត់ដំបង) ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

📌 នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:០៦ នាទី នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុក បាណន់ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ សំ វីរៈ ជាអធិការ បានសហការជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជា អធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ បានចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( បណ្តាលឲ្យមរណៈភាពជនរងគ្រោះ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

👉  នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង២២:៣០ នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួកចំនួន ០៣ នាក់ទៀត ជិះម៉ូតូ០២ គ្រឿង ម៉ាកហុងដាឌ្រីម និង ប្រើប្រាស់កាំបិតផ្គាក់  ដេញកាប់ជនរងគ្រោះ មួយក្រុមទៀតដែលមានគ្នា ៧ នាក់ ជិះមូតូ ៣ គ្រឿង លុះដល់ចំណុច កើតហេតុខាងលើ ជនសង្ស័យ បានកាប់ត្រូវចំ ជនរងគ្រោះ ម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ក្រុមទី០៥ ភូមិ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំ ត្រង់ក្បាលផ្នែកខាងលើមួយកាំបិត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង តាមរថយន្ត សង្រ្គោះបន្ទាន់ ឃុំភ្នំសំពៅ ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។