ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានកៅស៊ូ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅ២០២៣ អគ្គនាយកដ្ឋានកៅស៊ូ។

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារនៃអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបាន និងស្នើឱ្យមន្ដ្រីនៃអគ្គនាយកដ្ឋានកៅស៊ូយកកិច្ចប្រជុំនេះ ជាឱកាសជួបជុំជាមួយវិស័យឯកជន ដើម្បីពិភាក្សានិងសហការគ្នាធ្វើផែនការខ្លី មធ្យម និងវែង ដើម្បីជំរុញប្រសិទ្ធភាពសេដ្ឋកិច្ច និងការរីកចម្រើន។

សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងងស់ពីកម្លាំងកាយចិត្តធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញគួរកត់សម្គាល់ ក្នុងអត្រាប្រមាណ ៥.៥% ក្នុងឆ្នាំ២០២២ ក្នុងនោះដែរវិស័យកៅស៊ូក៏បានអភិវឌ្ឍប្រកបដោយភាពប្រកួតប្រជែង និងអនុវត្តសម្រេចបានជោគជ័យតាមគោលដៅ និងសូចនាករដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្ត្រកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០នៅកម្ពុជា។

គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូសរុបទូទាំងប្រទេសមាន ៤០៤.៥៧៨ហិកតា ដែលក្នុងនោះផ្ទៃដីកៅស៊ូចៀវជ័រមានចំនួន ៣១៥.៣៣២ហិកតា ហើយការនាំកៅស៊ូចេញកៅស៊ូទៅបរទេសបានចំនួន ៣៧២.៩០០តោន ស្មើនឹង ៥២៨លានដុល្លា ដែលតម្លៃជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០២២កន្លងទៅនេះគឺ ១.៤១៥ដុល្លាក្នុងមួយតោនទាបជាងឆ្នាំមុនប្រមាណ ១៥.៦%។ រីឯការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ចមានចំនួនប្រមាណ ២៦.៤៨៩ម៉ែត្រគូប ស្មើនឹង៤.១លានដុល្លា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។