ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper ជាក្រុមហ៊ុនផលិតម្រេចសរីរាង្គ ស្ថិតនៅស្រុកមេមត់

(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper ជាក្រុមហ៊ុនផលិតម្រេចសរីរាង្គ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានស្វែងយល់ពី ខ្សែច្រវ៉ាក់នៃផលិតកម្មតាំងពីការសម្អាត រហូតដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យនៃម្រេចសរីរាង្គ។ ម្រេចសរីរាង្គខ្មែរ មានការពេញនិយម មានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយ ដើម្បីនាំចេញ។

ក្នុងការជួបសំណេះសំណាលជាមួយសមាគមន៍អ្នកដាំម្រេចសរីរាង្គ ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តកសិករឱ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលគុណភាពស្តង់ដាល្អ ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។ ជាមួយគ្នានេះដែរ ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឱ្យត្រឹមត្រូវមុនធ្វើការនាំចេញ។

ឯកឧត្តម ឌិត ទីណា បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម សហការណជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឱ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។