ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះ ឡាយ គឹមលីន ធ្វើសកម្មភាពដឹកជញ្ជូនឈើ ពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំយ៉ាងរលូន!

ប្រភពថ្មីៗ ពីប្រជាពលរដ្ឋក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាស្រ្តីឈ្មោះ ឡាយ គឹមលីន នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងរលូន។

បើតាមប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន បានឲ្យដឹងថា ឈ្មួញម្នាក់នេះចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។

ដូច្នេះហើយទើបរាល់សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន តែងតែចៀសផុតពីការបង្ក្រាប ព្រោះមន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចច្រើនស្ថាប័នលើផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ​៦២ មានតែជួយសម្រួលឲ្យ ចែលីន ដឹកជញ្ជូនឈើទៅដល់ខេត្តកំពង់ធំ។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន បានឲ្យដឹងថា ឈ្មួញម្នាក់នេះបានប្រើកូនចៅរបស់ខ្លួនឈ្មោះ បញ្ញា ដឹកជញ្ជូនឈើពីស្រុកជ័យសែន ឆ្លងកាត់ផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកជាពិសេសនៅពេលយប់។

ឈ្មោះ បញ្ញា ដែលជាកូនចៅរបស់ឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន បានប្រើប្រាស់រថយន្តសាំយ៉ុងនិងរថយន្តកែច្នៃច្រើនប្រភេទដឹកជញ្ជូនឈើចេញពីស្រុកជ័យសែន ដោយគ្មានញញើតអ្វីទាំងអស់។

ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានគេដឹងថា ជាបង្អែករបស់ឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន ជាច្រើនឆ្នាំមកហើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន បានធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល។ ប្រការនេះបង្ហាញឲ្យឃើញថា​ បទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ក្លាយទៅជារឿងឥតន័យព្រោះឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ ឡាយ គឹមលីន ហៅចែលីន ជាឈ្មួញមានខ្នងបង្អែករឹងមាំទើបគ្មានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឈ្មួញរូបនេះឡើយ!៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។