ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣

(សៀមរាប) ៖ នៅសាលមហោស្រពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អង្គការដៃគូរ និង គ្រូពេទ្យស្រុកប្រតិបត្តិ និង មណ្ឌលសុខភាព ចំនួន៣៥០នាក់ដែលបានចូលរួម ។

លោក ពិន ប្រាកដ បានចាត់ទុកអង្គសន្និបាតនេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយយ៉ាងសំខាន់ ដែលគ្រប់តួអង្គពាក់ព័ន្ធបានជួបជុំគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងទៅ ជាពិសេសក្នុងឆ្នាំ២០២៣ ព្រមទាំងពិនិត្យបញ្ហាប្រឈម និងកំណត់រកដំណោះស្រាយ ដើមី្បចាប់យកកាលានុវត្តភាពនានា បន្តជម្រុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តសៀមរាប ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកអភិបាលរងខេត្តបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់ គ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ដោយប្រើអស់កម្លាំងកាយ ប្រាជ្ញាស្មារតី នៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប។ លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្រ្តតី្រកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល, ដោយសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយសង្គមនិងសេដ្ឋកិច្ចដែលនាំឲ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ ក្នុងដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្តារ និងការកសាងប្រទេស ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល, ការអភិវឌ្ឍនិងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ច និងការលើកម្ពស់ជីវភាពប្រជាជន។

លោក ពិន ប្រាកដ បានបន្តទៀតថា ជាទស្សនវិស័យនៃការអភិវឌ្ឍ ដំណើរការកសាងជាតិកម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក កាន់តែប្រែប្រួលលំបាក និងមិនប្រាកដប្រជា ។ ក្នុងបរិបទនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានាបាននូវប្រសិទ្ធភាពសមិទ្ធកម្ម ។ ទន្ទឹមនេះ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះរួមមាន, ម៉្យាងរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម៉្យាងទៀតកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ ភាពធន់នៃវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកបានលើកឡើងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, ដែលនឹងរួមគ្នាបំពេញតួនាទីជារបៀបវារៈគោលនយោបាយដ៏សំខាន់ សម្រាប់លើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយទស្សនវិស័យវែងឆ្ងាយ ច្បាស់លាស់ និងនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។