ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ និងអបអរសាទរ ដល់ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ការថ្លែងនូវការកោតសរសើរនេះ ធ្វើឡើងបន្ទាប់ពីប្រតិភូកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានខិតខំរហូបជួយឱ្យកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ ឆ្នាំ២០២៦។
លោកបានបង្ហោះសារដូច្នេះថា «ទីបំផុតមេរបស់ខ្ញុំ (លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី) និងក្រុមការងាររបស់គាត់ធ្វើបានហើយ។ កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦។ ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូត ទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះ ជូនប្រទេសកម្ពុជាយើង»។
សូមជម្រាបថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជា ឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។
កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។
បន្ទាប់មកកម្ពុជា ក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយគឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។