ព័ត៌មានជាតិ

សំណុំរឿងករណីឃាតកម្ម សម្លាប់ និងដុតកម្ទេចសាកសពចោល នៅក្រុងប៉ោយប៉ែត នគរបាលចាប់ខ្លួនឃាតករបានហើយ!

(បន្ទាយមានជ័យ) ៖ សំណុំរឿងករណីឃាតកម្ម សម្លាប់មនុស្សរួចដុតកម្ទេចសាកសពចោល នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ បំបែកបានហើយ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ១៦.០០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ​ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ត្រីរូបនេះបានអះអាងថា កាលពីព្រលប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ ខ្លួនបានបាត់ប្អូនប្រុសបង្កើតម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ​១៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនម៉ាត។

លុះយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដដែល បានទទួលពត៌មានថា មានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាម ហើយប្រទះឃើញសាកសពមនុស្សម្នាក់ត្រូវបានគេដុតចោលក្នុងរណ្តៅ បានរាយការជូនសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័្ចយ សពមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ត្រូវបានឃាតករសម្លាប់ កាត់ដៃ កាត់ជើង សល់តែដងខ្លួន រួចយកទៅដុតចោល។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យ១នាក់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧.០០នាទី ជនសង្ស័យមានឈ្មោះ ជា សារាជ ភេទប្រុស អាយុ​ ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ ជា សារាជ បានសារភាពថា រូបគេដាច់លុយចាយ ទើបសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ មុនដំបូងបានវាយនឹងដៃ រួចយកដុំថ្មវាយឱ្យសន្លប់រួចចងដៃទៅក្រោយដឹកលើម៉តូទៅដល់ទីកន្លែងកើតហេតុយកសាំង ៤លីត្រ ចាក់ដុតចោល ដើម្បីយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះមានដូចជា -ម៉ូតូម៉ាកស្កុបពី​ ១គ្រឿង
-ចិញ្ចៀនផ្លាកទីន ១វង់ -ទូរស័ព្ទដៃម៉ាក IPhone11ចំនួន​ ១គ្រឿង -ខ្សែរដៃផ្លាកទីន​ ១ខ្សែ និងអាវយឺតដៃខ្លីពណ៌ខ្មៅប្រឡាក់ឈាមចំនួន​១។

បច្ចុប្បន្ន ក្រោយសួនាំជនសង្ស័យត្រូវបានកម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។