ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងបី ជាច្រើនរូបផងដែរ។

សូមជម្រាបថា ក្នុងរបៀបវារៈនៃកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់តំណាងក្រសួងនីមួយៗ ពីសក្តានុពល តួនាទីនិងភារកិច្ច សមិទ្ធផលនានា ផែនការអនុវត្តន៍ បញ្ហាប្រឈម និងការងារពាក់ព័ន្ធដែលតម្រូវឱ្យមានកិច្ចសហការរវាងក្រសួងទាំងបី។

កិច្ចប្រជុំនេះមានគោលបំណងបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការសិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ព្រមទាំងពិភាក្សាពីដែនសមត្ថកិច្ច បញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះឬយឺតយ៉ាវដល់ការអនុវត្តការងារ ការពង្រឹង និងពង្រីកកិច្ចសហការរវាងក្រសួងទាំងបីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្ស៊ីគ្នានៃការរៀបចំផែនការ និងការរៀបចំផែនការមេរួមគ្នា ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។