ព័ត៌មានជាតិ

អបអរសាទរ ខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធីប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា អាណត្តិទី៥

(កំពង់ចាម) ៖ នាព្រឹកថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអសាទរ “ខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥” ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេតកំពង់ចាម អាណត្តិទី៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

សូមជម្រាបថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ រួមនឹងអនុប្រធានកិត្តិយសជាច្រើនរូបទៀត។

នៅក្នុងពិធីដ៏ឱឡារិកនេះផងដែរ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទទួលបានថវិកាមូលនិធិពីសប្បុរសជន ប្រមាណជាង ៦៥ ម៉ឺនដុល្លារ អាមេរិក ដើម្បីទុកទ្រទ្រង់ប្រើប្រាស់លើការងារមនុស្សធម៌៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។