ព័ត៌មានជាតិ

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំសិក្ខាសាលាអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២​ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”

ក្រុងសៀមរាប៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ រៀបចំសិក្ខាសាលាអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជាមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។​ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសមាគមជាតិ, លោកស្រី​ យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប, ឯកឧត្តម ម៉ៅ ភិរុណ អនុប្រធានសមាគមជាតិ, លោកជំទាវ មុំ ក្រសាល អនុប្រធានសមាគមជាតិ និងលោកជំទាវ នួន នារតី ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមាររបស់សមាគមជាតិ។

បន្ទាប់ពីមតិស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបរួចមក ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា សិក្ខាសាលារៀបចំឡើង ដេីម្បីផ្តល់ឱកាសសម្រាប់ការជួបជុំសមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេសក្នុងមួយឆ្នាំម្តង ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃទិវាអន្តរជាតិនារី ០៨ មីនា​ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ស្រ្តី និងចែករំលែកបទពិសោធន៍អំពីការបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ជាស្រ្តីនៅទូទាំងប្រទេស ក្នុងអាណត្តិទី៣ មានចំនួន ៩៥ រូប នៃសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សរុប ៥៥៩ រូប ស្នើនឹង ១៦.៩៩% នៃសមាជិកក្រុមប្រឹក្សាជាបុរស។ យោងតាមតួលេខរបស់ គ.ជ.ប ក្នុងអាណត្តិទី១ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៧៤ រូប (ស្រ្តី ៣៧ រូប), ក្នុងអាណត្តិទី២ មានចំនួន ៣៩៣ រូប (ស្រ្តី ៥២ រូប) ហើយក្នុងអាណត្តិទី៣ មានចំនួន ៥៥៩ រូប (ស្រ្តី ៩៥ រូប)។

បន្ទាប់ពីបញ្ចប់សិក្ខាសាលា រដ្ឋបាលខេត្តសៀមរាបបានរៀបចំឱ្យប្រតិភូទស្សនកិច្ចប្រតិភូ ស្វែងយល់អំពីកិច្ចការអភិវឌ្ឍនានារបស់ខេត្ត និងទៅទស្សនាកន្លែងចិញ្ចឹមត្រីលំអ Angkor Wildlife & Aquarium (អង្គរវាយឡាយហ្វឹ និងអឹឃ្វារៀម) ស្ថិតនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម ចំងាយប្រមាណ ២៧ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីប្រែក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។