ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឱ្យបានគ្រប់ ១៥៥០ ឃុំ-សង្កាត់ នៅឆ្នាំ២០២៥

(ភ្នំពេញ) ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឱ្យបានគ្រប់ចំនួន ១៥៥០ ឃុំ-សង្កាត់ ឱ្យបានត្រឹមឆ្នាំ២០២៥។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការដាក់ពង្រាយនោះ នឹងត្រូវបែងចែកជា ៣ ដំណាក់កាល គឺ ២០០ នាក់នៅឆ្នាំ២០២៣, ៨០០នាក់នៅឆ្នាំ២០២៤ និង ៥៥០នាក់ នៅឆ្នាំ២០២៥។ មន្ត្រីទាំងនោះគឺជាមន្ត្រីជាប់កិច្ចសន្យា ដែលមានសញ្ញាបត្រពាក់ព័ន្ធនឹងវិស័យកសិកម្ម មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើងទៅ ឆ្លងកាត់កម្មសិក្សារយៈពេល ១ឆ្នាំ ទើបទទួលបានក្របខណ្ឌ និងទទួលបានបៀវត្សតាមរបបគ្រូបង្រៀន (ដូចជាទទួលបានប្រាក់ឧបត្ថម្ភបេសកកម្ម ១៦ ម៉ឺនរៀលបន្ថែម ក្នុងមួយខែ ជាដើម)។

បើតាមបទអន្តរាគមន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្រ្តីទាំងនោះ មានភារកិច្ចស្វែងយល់ពីសកម្មភាពកសិកម្មនិងកសិករ ប្រមូលទិន្នន័យស្ដីអំពីផ្ទៃដីកសិកម្មនិងទិន្នផល សម្របសម្រួលការងារផលិតកម្មស្រូវពូជនិងស្រូវចំណី ផ្ដល់បច្ចេកទេសដល់កសិករ និងសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងការងារផលិតកម្មនិងការប្រមូលទិញ ព្រមទាំងរាយការណ៍ជាប្រចាំពីបញ្ហាប្រឈមផ្សេងៗនិងសំណូមពររបស់កសិករមកក្រសួងដើម្បីពិនិត្យ វាយតម្លៃ និងអន្តរាគមន៍ទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។