ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម ដង្ហែរកឋិនសាមគ្គីចូលវត្តរស្មីសង្កែ ស្រុកព្រៃឈរ ដើម្បីកសាងដំបូលវិហារ

(កំពង់ចាម) ៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំដង្ហែរកឋិនសាមគ្គី ចូលវត្តរស្មីសង្កែ ស្ថិតក្នងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានប្រមូលបច្ច័យបាន ៥ម៉ឺនដល្លារ ប្រគេនព្រះសង្ឃ កសាងដំបូលវិហារ ។
ក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៃអង្គកឋិនមហាសាមគ្គីនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ប្រវត្តិរបស់វិហារ នៃវត្តរស្មីសង្កែនេះ គឺបានកសាងតាំងពីឆ្នាំ ១៩៨៤ ដោយមានការដឹកនាំកសាងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះវិហារវត្តនេះ មានអាយុកាលប្រមាណជា ៤០ឆ្នាំមកហើយ ដែលធ្វើឲ្យសំណង់មួយចំនួន ក្នុងទីវត្តអារាមនេះ រងការខូចខាត ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ដោយមើលឃើញអំពីស្ថានភាពចាស់ទ្រុឌទ្រោម នៃសំណង់មួយចំនួន នៅក្នុងទីអារាមវត្តរស្មីសង្កែនោះ ទើបប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខ្លូត ផន បានពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីប្រមូលថវិកា យកទៅប្រគេនព្រះចៅអធិការវត្ត ធ្វើការជួសជុលសំណង់ដែលចាស់ទ្រុឌទ្រោមទាំងនោះ ជាពិសេសគឺដំបូលព្រះវិហារតែម្ដង។
ជាក់ស្ដែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដោយមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជាម្ចាស់ដើមបុណ្យ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ដង្ហែរកឋិនសាមគ្គី នឹងបាននាំមកនូវបច្ច័យចំនួន ៥ ម៉ឺនដុល្លារអាមេរិក យកមកប្រគេនព្រះសង្ឃ ដើម្បីសាងសង់បង្ហើយដំបូលព្រះវិហារ នៃវត្តរស្មីស្ទឹងសង្កែនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។