ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ នាំយកអំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក និងបន្តចុះសួរសុខទុក្ខពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកកំពង់ស្វាយ!

(ខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់ចែកជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះមានជីវភាពខ្វះខាត នឹងបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេសនិងតាមបណ្ដាខេត្តនានា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងពិធីជួបសំណេះសំណាលនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័កនេះ មានរយៈពេល ១៤ថ្ងៃ បន្ទាប់ពីពុកម៉ែបងប្អូនបានវិលត្រឡប់មកពីក្រៅប្រទេស និងបណ្ដាខេត្តនានា ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដោយអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ គោរពតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមផ្អាកនូវការជួបជុំ ការរាំលេងកំសាន្ត ឬទៅតំបន់រមណីយដ្ឋានផ្សេងៗ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត ប្រសិនបើមិនមានការចាំបាច់ទេ សូមបងប្អូននៅផ្ទះ កុំចេញទៅណាអោយសោះ ចៀសវាងនូវការឆ្លងជំងឺ covid-19។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។