ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំយកនូវស្បៀងអាហារសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ១៦០គ្រួសារ ទាំងយប់នៅក្នុងសង្កាត់ទន្លេបាសាក់

(ភ្នំពេញ) លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបាននាំយកនូវស្បៀងអាហារមួយចំនួន ដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ផងដែរ ខណៈដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលបាននឹងកំពុងធ្វើចត្តាឡីស័កក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមាន covid -19 ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធររបស់យើងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនោះគឺមានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ ។

ដោយការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបលោក ឃួង ស្រេង ចុះដល់ទីតាំងខាងលើ និងផ្តល់ស្បៀងអាហារ
អំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលតាមរយៈលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ពួកគាត់ទាំងយប់តែម្តង ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម និងមីមួយកេស ។

ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមាណជា៩៩ភាគរយហើយ ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ លោក បានបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការ និងទប់ស្កាត់ជំងឺ -១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ វានឹងអាចបញ្ចប់នៅក្រោយចូលឆ្នាំខ្មែរនេះបានហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។