ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចការអនុវត្តគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ លើការងារលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស

(សៀមរាប) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី អភិបាលស្រុក លោក លោកស្រីប្រធានអង្គការអាយអូអឹម អង្គការ WHO អង្គការយូនីសេហ្វ អង្គការយូអិនអេហ្វភីអេ និងអង្គការធីភីអូ ប្រចាំប្រទេសកម្ពុជា បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ សម្រាប់គាំទ្រ និងលើកកម្ពស់ជីវភាព និងសុខភាព សម្រាប់ប្រជាពលរដ្ឋជាទេសន្តរប្រវេសន៍ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅស្រុកក្រឡាញ់ និងស្រុកពួក។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ មន្រ្តីអនុវត្តគម្រោង និងក្រុមគោលដៅដែលទទួលផលពីគម្រោង ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផលនៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំណូមពរ ដែលមន្រ្តីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង ។ ប្រតិភូបានធ្វើទស្សនកិច្ចនៅមណ្ឌលសុខភាពសំបួរ និងគ្រួសារពលករមានផ្ទៃពោះ ដែលទទួលបានការគាំទ្រផ្នែកសុខភាពសម្រាប់ត្រៀមមុន និងក្រោយសម្រាលកូន ដែលអនុវត្តគម្រោងដោយអង្គការរ៉ាក់ ទទួលបានការគាំទ្រពីអង្គការ UNFPA ។ បន្ទាប់មកប្រតិភូ បានទស្សនកិច្ចគ្រួសារពលករដាំបន្លែ ០១គ្រួសារ ចិញ្ចឹមមាន់ ០១គ្រួសារ និងប្រកបរបរអាជីវកម្មខ្នាតតូច ០១គ្រួសារ ដែលអនុវត្តគម្រោងដោយអង្គការទស្សនពិភពលោក មានការគាំទ្រដោយអង្គការ IOM ក្នុងចំណោមអ្នកទទួលផលពីគម្រោងសរុប ចំនួន ៨៨ គ្រួសារនៅស្រុកក្រឡាញ់។ បន្ថែមពីនោះប្រិតិភូបានបន្តដំណើរទស្សនកិច្ចក្រុមការងារផ្សព្វផ្សាយអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដែលអនុវត្តដោយអង្គការ UNICEF នៅឃុំសសរស្តម្ភ ស្រុកពួក។

ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោកជំទាវប្រធានប្រតិភូ បានធ្វើការក្រើនរំលឹក ឱ្យអាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានា ដែលពលករដ្ឋបានស្នើ និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកំពុងតែកើតមានជំងឺកូវីដ១៩ ។លោកជំទាវបានជម្រាបជូនផងដែលថា រាជរដ្ឋាភិបាល បានធ្វើការស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែម ទៀតសម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកដ៏សំខាន់ និងជាតម្រូវការចំាំបាច់ចំពោះមុខ ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ និងនៅក្នុងដំណាក់ជំងឺកូវីដ១៩នេះ។ បន្ថែមពីនោះ លោកជំទាវបានជំរុញឱ្យប្រជាពលរដ្ឋ ពិសេសពលករចំណូលស្រុក ដែលទើបត្រឡប់មកវិញ ទៅចុះឈ្មោះរកការងារធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (មជ្ឈមណ្ឌលការងារខេត្តសៀមរាប) ដែលជាយន្តការរបស់រាជរដ្ឋបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការការងារ សម្រាប់ផ្គត់ផ្គងជីវៈភាពគ្រួសារផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។