ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី

(ភ្នំពេញ) ៖នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit KIRISCI) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជានិងតួកគី មានកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យជាច្រើន ក្នុងនោះ កសិកម្មក៏ជាវិស័យសក្ដានុពលមួយផងដែរ។ ខណៈដែលតួកគីជាប្រទេសឈានមុខមួយនៅក្នុងវិស័យកសិកម្ម ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតួកគីនៅក្នុងវិស័យកសិកម្ម ដែលមានជាអាថិ៍៖ ការផ្ទេរបច្ចេកវិទ្យានិងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ពីតួកគី ជាពិសេស ដ្រូន ដែលអាចឃ្លាំមើលព្រៃនិងដែននេសាទ, ការនាំចូលនូវកសិផលខ្មែរដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារ​តួកគី​ និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកកសិកម្មនៅប្រទេសតួកគីជាដើម។

តាមរយៈកិច្ចប្រជុំទ្វេភាគីនាថ្ងៃនេះ ​ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជឿជាក់ថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។