ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញបើកចាក់វ៉ាក់សាំងដូសទី៣ ជូនទ័ពមួកខៀវកម្ពុជា

(ភ្នំពេញ)មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញប្រភេទអស្ត្រាសេនីកាបង្ការជំងឺកូវីដ១៩ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរង និងគ្រួសារ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីបង្កើតភាពស៊ាំ នៃមេរោគកូវីដ១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព ថ្លែងនៅក្នុងពិធីបើកចាក់វ៉ាក់សាំងដូសទី៣បង្ការជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិថា កងទ័ពចំណុះឱ្យមជ្ឈមណ្ឌលជាតិទាំងអស់ គឺត្រូវបានចាក់វ៉ាក់សាំងដូសទី៣ ដែលមានទីតាំង នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រាជធានីភ្នំពេញ, សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅស្រុកភ្នំស្រួច និងនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ជាពិសេសកងកម្លាំងមួកខៀវជាង៣០០នាក់ នឹងត្រូវចេញទៅបំពេញបេសកកម្មអង្កការ សហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី នាពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ក៏ត្រូវបានចាក់ជូនពួកគាត់ផងដែរ។
ក្នុងឱកាសចាក់វ៉ាក់សាំងដូសទី៣ប្រភេទអស្ត្រាសេនីកា ឯកឧត្តម សែម សុវណ្ណនី បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានពុះពារគ្រប់បែបយ៉ាង បាននាំមកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។