ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាម២របៀប ស្របនឹងបរិបទកូវីដ-១៩ រួមមានកិច្ចប្រជុំផ្ទាល់នៅទីស្ដីការក្រសួងមហាផ្ទៃ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក។

ដោយឡែកអង្គប្រជុំផ្សេងទៀត រួមមានឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តព្រៃវែង ក៏បានអញ្ជើញចូលរូមកិច្ចប្រជុំនេះពីចំងាយ តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង ។

សម្ដេចឧបនាយករដ្ឋមន្រ្តីប្រធានក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះឯកឧត្តមក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។