ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ

(ព្រៃវែង) :នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា ជាមួយគណប្រតិភូអមដំណើរជាច្រើនរូបថែមទៀត នៅសាលប្រជុំធំនៃសាកលវិទ្យាល័យ ជា សុីម កំចាយមារ។

អញ្ជើញចូលរួមជាមួយឯកឧត្ដម ហ៊ុន ម៉ានី នាឱកាសនេះ រួមមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា ឯកឧត្តម អស់លោក លោកស្រី សមាជិក សមាជិកា ស ស យ ក ប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ សរុបប្រមាណ៨០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដឹកនាំដោយឯកឧត្តម ស សុខា និងគណៈចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនពោរពេញដោយឆន្ទៈ ទឹកចិត្តហ៊ានលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីសុខដុមរមនា និងឧត្តមភាពជានិរន្តរ៍នៃសង្គមកម្ពុជា។

ក្នុងជំនួបនេះ​ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីរីករាយ​ និងភាពជឿជាក់ខ្ពស់ចំពោះប្អូនៗយុវជន ដែលបានសួរសំណួរជាច្រើន ហើយនេះបញ្ជាក់ថា ប្អូនៗ ជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ជាតិរបស់យេីងទៅថ្ងៃអនាគត ដើម្បីភាពជោគជ័យ ជាពិសេស កម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ជាទីបញ្ចប់ ឯកឧត្តម ជា សុមេធី និងយុវជនគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងទាំងអស់ សូមប្រសិទ្ធិពរជ័យជូនដល់ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ស សុខា គណៈប្រតិភូអមដំណើរ និងអ្នកចូលរួមក្នុងពិធីទាំងអស់ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។