ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ”

(ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 (Optimization of Cultivation Technology and Production of Silk from Hybridized Silkworm CK1-7-4)”។

តម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុងជីវភាពរបស់ជនជាតិខ្មែរតាំងពីយូលង់។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ បានឲ្យដឹងថាខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយបច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់សម្រាប់ខេត្តចំនួនប្រាំ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។
ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសសៃ សូត្រ សម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ផូរផង់នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាក់ទៅមួយជំនាន់។

យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ ត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន ផលិតកម្មនេះបានចាប់ ផ្តើមដំណើរឡើងវិញ ប៉ុន្តែហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយ។ ជាក់ស្តែង គេឃើញមានដំណាំមនមានការដាំដុះតិចតួចនៅតាមបណ្តាខេត្តដូចជា ៖ ខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង កណ្តាល កំពត និងមណ្ឌលគីរី។ល។ ផលិតផលស្លឹកមន ត្រូវបានប្រើប្រាស់ជាអាទិភាពទីមួយគឺជាចំណីរបស់ដង្កូវ នាង ដង្កូវនាងស៊ីស្លឹកមន បង្កើតបានជាសំបុក សំបុកនេះផលិតចេញសសៃសូត្រ សិប្បករតម្បាញបានយកសសៃសូត្រនេះមកត្បាញជាហូល ផាមួង ផាមួងចរបាប់ ផាមួងកទា ក្រមា និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ឬកែច្នៃជាគ្រឿងសម្អាងសម្រាប់ស្ត្រីផងដែរ។ លោក កែវ កង រស់នៅក្នុងភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថាដើម្បីបានហូល ឬផាមួងមួយក្បិន គឺត្រូវចំណាយពេល ស្មារតីផ្ចិតផ្ចង់ ឧស្សាហ៍ព្យាយាមគ្រប់តំណាក់កាលទាំងអស់តាំងពីយកសូត្រមកបោកទឹកឲ្យស្អាត យកទៅរវៃចងពង់ យកទៅកុងចងម៉ូតផ្កា ឬសត្វ ជ្រលក់ពណ៌ជាច្រើន លើកតាមពណ៌ដែលចង់បាន រវៃចូលត្រល់ ទើបយកទៅត្បាញ ហើយការត្បាញទៀតសោធន៍ ទាមទារពេលវេលា ភាពអត់ធ្មត់ គំនិតច្នៃប្រឌិតក្បូរក្បាច់រចនា និងផ្ចិតផ្ចង់ក្នុងការត្បាញម្តងមួយ សសៃៗ តម្រឹមក្រឡាគោម។ល។ ឲ្យបានហ្មត់ចត់ទើបផលិតបានហូល ឬផាមួងមានភាពល្អប្រណិត។

បច្ចប្បន្ន ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិត ដោយសារប្រពៃណី ទំនៀមទំលាប់ទាំងការដាំមន ការចិញ្ចឹមដង្កូវនាង ការផលិតសសៃសូត្រ និងការត្បាញ មិនទាន់មានការផ្លាស់ប្តូរ ឬមានការវិវឌ្ឍន៍យឺតយ៉ាវនៅឡើយ នេះអាចនិយាយបានថាពួកគាត់នៅខ្វះបច្ចេកទេសដាំ ការជ្រើសរើសពូជមន ពូជដង្កូវនាង ការចិញ្ចឹមដង្កូវនាង ការកែច្នៃសសៃសូត្រ ឧបករណ៍ប្រើប្រាស់ដូចជាកីតម្បាញ។ល។ ខ្វះពូជដង្កូវនាងដែលមានគុណភាពល្អ និងផ្តល់ទិន្នផលសូត្រខ្ពស់។ ដើម្បីចូលរួមអភិវឌ្ឍ និងអភិរក្សាប្រពៃណី វប្បធម៌ដ៏មានតម្លៃដែលជាមរតករបស់ដូនតា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានខិតខំធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ព្រមទាំងបានផ្តល់ពូជមន និងពូជដង្កូវនាងដែលជាពូជក្នុងស្រុក (ពូជសូត្រមាស) ដល់កសិករ និងសិប្បករដើម្បីយកទៅដាំ និងចិញ្ចឹមនៅខេត្តកំពត តាកែវ សៀមរាប បន្ទាយមានជ័យ និងកំពង់ឆ្នាំងដើម្បីបង្កើនផលិតកម្ម។ ទោះជាយ៉ាងណា ការបណ្តុះបណ្តាល និងការគាំទ្រដល់កសិករពុំទាន់អាចឆ្លើយតបបានទាំងស្រុង តាមតម្រូវការជាក់ស្តែងនៅឡើយ ដោយសារចំណេះ ដឹង/ជំនាញរបស់មន្រ្តីបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មសសៃសូត្រនៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់សមត្ថភាពធនធានមនុស្សបន្ថែមទៀត ព្រមជាមួយធនធានថវិកាសម្រាប់បម្រើឲ្យការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ។

ឆ្វេងយល់ពីបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េហៅកាត់ថា KOPIA អនុវត្តគម្រោងមួយឈ្មោះថា “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសរសៃសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4”។ គោលបំណងគឺ ធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសូត្រតាមរយៈការផ្សព្វផ្សាយពូជដង្កូវនាងកូនកាត់ CK1-7-4 អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ គម្រោងនេះមានរយៈពេល០៣ឆ្នាំចាប់ពីឆ្នាំ២០២០ – ២០២២។

១- សកម្មភាពសំខាន់ៗរបស់គម្រោងរួមមាន៖
– ការបង្កាត់ពូជថ្មី និងថែទាំពូជមេបា
– ការធ្វើឱ្យប្រសើរឡើងនូវការផលិតពងដង្កូវនាង និងការចិញ្ចឹមក្នុងលក្ខខណ្ឌប្រទេសកម្ពុជា
– ការចិញ្ចឹមដង្កូវនាងបង្ហាញ និងទិវាចម្ការតាមខេត្តគោលដៅ និង
– ការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស កសិករ និងសិប្បករអំពីបច្ចេកទេសដាំដំណាំមន និងចិញ្ចឹមដង្កូវនាង។

២- លទ្ធផលសម្រេចបានមានដូចខាងក្រោម ៖
– បានបណ្តុះបណ្តាល

មន្ត្រីបច្ចេកទេសចំនួន០២រូប កសិករ សិប្បករ និងសហគ្រិននៅខេត្តតាកែវ និងខេត្តបន្ទាយមានជ័យចំនួន ១២៥ រូប អំពីបច្ចេកទេសដំណាំមន និងការចិញ្ចឹមដង្កូវនាង
– បានចិញ្ចឹមថែរក្សាពូជមេបា CK1-7-4 ពូជនាំចូលពីប្រទេសកូរ៉េ និងពូជក្នុងស្រុក (ពូជសូត្រមាស) សម្រាប់បន្តបង្កាត់ពូជដង្កូវនាងថ្មីៗបន្ថែមទៀតដើម្បីទទួលបានទិន្នផលសូត្រខ្ពស់ ហើយធន់នឹងអាកាសធាតុ
– បានវាស់ស្រង់ទិន្នន័យគ្រប់ជំនាន់នៃការចិញ្ចឹមទាំងពូជមេបា និងពូជបង្កាត់ថ្មី ដើម្បីធ្វើការប្រៀបធៀបទិន្នផល សូត្រ និងភាពស៊ាំនៃអាកាសធាតុ
– បានចែកពូជដង្កូវនាងដល់សិប្បកម្មតម្បាញ M-Silk នៅខេត្តតាកែវ ចំនួន២០ ០០០កូន សហគ្រាសតម្បាញ Color-Silk នៅខេត្តសៀមរាប និងតាកែវចំនួន ៤០ ០០០កូន ដើម្បីចិញ្ចឹម តាមដានការលូតលាស់ និងស្ទង់ទិន្នផល
– បានធ្វើពិសោធន៍ការភ្ញាស់ពងដង្កូវនាងដោយប្រើអាស៊ីត (Acid treatment) ទទួលបានជោគជ័យដោយមានអត្រាញាស់ខ្ពស់។

តាមរយៈការអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្ម សង្ឃឹមថា មន្ត្រីបច្ចេកទេស ក្រុមកសិករ សិប្បករ និងសហគ្រិនក្នុងខេត្តគោលដៅទាំងអស់នឹងមានជំនាញច្បាស់លាស់ក្នុងការដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង ហើយអាចផលិតបានពូជដង្កូវនាងថ្មីបានច្រើន ផ្តល់ទិន្នផលខ្ពស់ ស្របទៅនឹងលក្ខខណ្ឌអាកាសធាតុ។ នាពេលដ៏ឆាប់ខាងមុខ វិស័យផលិតកម្មសូត្រនឹងមានការរីក ចម្រើន និងអាចផលិតសរសៃសូត្របានច្រើនដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចនាំចេញបានមួយចំនួន។

៣- ទិសដៅបន្តរបស់គម្រោង ៖
– បន្តពង្រឹងសមត្ថភាពបច្ចេកទេសដល់កសិករ សិប្បករ និងអ្នកពាក់ព័ន្ធ
– បន្តចិញ្ចឹមរក្សាពូជមេបា និងបង្កាត់ពូជថ្មី
– ធ្វើទិវាបង្ហាញពីបច្ចេកទេសចិញ្ចឹមដង្កូវនាងដល់កសិករក្នុងខេត្តគោលដៅ និង
– ចងក្រងឯកសារសម្រាប់ធ្វើការផ្សព្វផ្សាយ។

បញ្ជាក់៖
ក្នុងករណីដែលសាធារណជនមានចម្ងល់ ឬចង់ទទួលបានព័ត៌មានបន្ថែមទាក់ទងទៅនឹងការអនុវត្តគម្រោងខាងលើ សូមធ្វើការទំនាក់ទំនងជាមួយ លោក យិន ច័ន្ទសុធី ដែលមានទូរស័ព្ទលេខ ០១២ ៥៩៤ ៦៧៨។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។