ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំរកម្ពុជា ដើម្បីពិភាក្សាការងារ

(ភ្នំពេញ) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:០០ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរា ជាណាចក្រកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ។ ជំនួបនេះកម្មវត្ថុ ៤សំខាន់គឺ ៖
ទី១- ពិគ្រោះយោបល់លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលផងដែរអំពីនិរន្តរភាព នៃវិស័យកសិកម្ម។
ទី២- ការបង្កើត Mekong-Australia Centre ដែលមានតួនាទីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
ទី៣- លទ្ធផលលើការវាយតម្លៃបញ្ចប់កម្មវិធីស្តីពី “ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program)” និងការប្រគល់ជូនមកក្រសួងនូវរាល់សម្ភារប្រើប្រាស់ដែលបានបម្រើឲ្យកម្មវិធី។ និង
ទី៤- សំណើរបស់កម្ពុជាជូនទៅរដ្ឋាភិបាលអូស្រ្តាលីទាក់ទងកម្មវិធីទិដ្ឋាការសម្រាប់វិស័យកសិកម្ម (Australia Agriculture visa program)។

ជាបឋម ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការយ៉ាងល្អប្រសើររបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ធ្វើឲ្យការអនុវត្តគម្រោង ឬកម្មវិធីដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលីសម្រេចទទួលបានលទ្ធផលជាផ្លែផ្កាដូចការគ្រោងទុក ហើយសមទ្ធិផលនេះបាននិងកំពុងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ជាក់ស្តែង កម្មវិធី CAVAC បានរួមចំណែកជំរុញផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម ទីផ្សារកសិ ផល និងការកែលម្អប្រព័ន្ធស្រោចស្រព ជំងឺដំឡូងមី សត្វល្អិតចង្រៃ ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូល របស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ បន្លែ ចិញ្ចឹមសត្វ និងដំណាំផ្សេងៗទៀត។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថារដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ផលិតកម្មស្បៀងស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់។ ភ្ជាប់ទៅនឹងវិបត្តិកូវីដនេះ ឯកអគ្គរដ្ឋទូតបានជម្រាបជូនថាប្រធានបទទី១ ទី២ និងទី៤ គឺជាកម្មវត្ថុសំខាន់ដែលរដ្ឋាភិបាលអូស្រ្តាលីបានគិតពិចារណា និងស្នើសុំធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាឲ្យកម្មវិធីជំនួយឧបត្ថម្ភជាបន្តបន្ទាប់របស់រដ្ឋាភិបាលអូស្រ្តាលីបានចូលរួមដោះស្រាយ នូវរាល់បញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជួប ព្រមទាំងផ្តល់ផលប្រយោជន៍ដោយត្រង់ទៅដល់ប្រជាកសិករដែលជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ដូចជា៖ – ការ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយភ្ជាប់ទៅនឹងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពទាក់ទងតម្លៃបន្ថែម ការលើក កម្ពស់ផលិតកម្មដំណាំ (ស្វាយ ស្វាយចន្ទី និងចេក) SPS ខ្សែច្រវាក់តម្លៃ ការបង្កើនគុណ ភាពដី ការលើកកម្ពស់គុណភាពគ្រាប់ពូជ ការកែច្នៃកសិផល បច្ចេកទេសក្រោយប្រមូលផល និងនិរន្តរ ភាពបរិស្ថាន ដែលគម្រោងនេះបានអនុម័តរួចហើយ ហើយសង្ឃឹមថានឹងចាប់ផ្តើមអនុវត្តនៅឆមាសទី១ ឆ្នាំ២០២២។ – ការបង្កើតមជ្ឈមណ្ឌល Mekong-Australia សម្រាប់ការគ្រប់គ្រង និងប្រើប្រាស់ទឹក (សំដៅដល់ទឹកបម្រើឲ្យវិស័យកសិកម្ម) ការរៀបចំ និងប្រើប្រាស់ធារាសាស្រ្ត ក្នុងសហគមន៍កសិកម្ម កសិករ ឬក្នុងវិស័យឯកជន ធ្វើយ៉ាងណាទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ពីការប្រើទឹកកសិកម្ម។ – ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីទិដ្ឋាការកសិកម្ម ដែលផ្តល់ឱកាសការងារឲ្យកសិករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីចាប់ពីអ្នកមានជំនាញទាប (low still) រហូលដល់អ្នកមានជំនាញកម្រិតខ្ពស់ (high skill) ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធីអភិវឌ្ឍ ការស្រាវ ជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ និងឈានទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
ចំពោះកម្មវត្ថុទាំង៤ ដែលឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានធ្វើអត្ថាធិប្បាយដោយសង្ខេប ច្បាស់លាស់ដែលបង្ហាញពីឆន្ទ:របស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន មានការប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុនាពេលអនាគត។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញ ទំហឹងចំពោះគម្រោងថ្មី ហើយក្រសួងសន្យាថានឹងរង់ចាំផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ទាក់ទងនឹងទិដ្ឋាការកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅឯកឧត្តមឯកអគ្គរដ្ឋទូតថាគួរផ្តល់អាទិភាពដល់ និស្សិតតាមរយ:កម្មវិធីហាត់ការរយ:ពេលខ្លី ដូចដែលសាកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយប្រទេសអ៊ីស្រាអែល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។