ព័ត៌មានជាតិ

រដ្ឋបាលខេត្តជម្រុញការរៀបចំស្វាគមន៍ការបើកទេសចរណ៍ឡើងវិញ !

(សៀមរាប) បន្ទាប់ពីទទួលបានសារាចរណែនាំរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងគម្រោងរបស់ក្រុមហ៊ុន ស៊ូជីង នៅតំបន់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្ត ឲ្យធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ ក្នុងការគ្រប់គ្រងទីតាំងវិនិយោគជាបណ្តោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតនូវគម្រោងវិនិយោគនោះ ពីផ្នែកឯកជន មកគ្រប់គ្រងដោយអាជ្ញាធរសាធារណៈវិញនោះ នាព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប បានធ្វើកិច្ចប្រជុំពិភាក្សាការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ សម្រាប់តំបន់កំពង់ផែចុងឃ្នៀស នៃទឹកដីប្រវត្តិសាស្ត្រ សៀមរាបអង្គរ នាដើមឆ្នាំ២០២២ខាងមុខ ក្រោមការដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មការគ្រប់គ្រងទីតាំង វិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិន វេសមិន ដោយមានការចូលរួមពី ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ និង អស់លោកជាសមាជិកគណៈកម្មការចូលរួម ផងដែរ ។

ឆ្លងតាមការបង្ហាញរបស់ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ អំពីការបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនៅតំបន់ចុងឃ្នៀស និង សេចក្តីរាយការណ៍របស់លោកនាយករដ្ឋបាល ស្តីពីការគ្រប់គ្រងកំពង់ផែចុងឃ្នៀស និង កិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅទៅលើបទបង្ហាញ ដែលអង្គប្រជុំទាំងមូលបានលើកឡើងដើមី្បជាប្រទីបមួយក្នុងការ រៀបចំតំបន់កំពង់ផែចុងឃ្នៀស ក្នុងការទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ ក្នុងបរិបទកូវិដនេះ ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ តែដោយភាពចាំបាច់នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ ក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ គ្នា និង ការណែនាំឲ្យប្រជាពលរដ្ឋយើង ត្រូវសម្របខ្លួនឲ្យចេះរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ ដោយបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការ ដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខនេះ ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ ។

ក្រោយពីចប់កិច្ចប្រជុំនោះនៅរសៀលថ្ងៃនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅកំពង់ផែចុងឃ្នៀស អំពីស្ថានភាពទីតាំងក្នុងរៀបចំធ្វើការជួសជុលជាបន្ទាន់។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអង្គរ នូវរាល់កិច្ចការចាំបាច់ចំពោះមុខ និង យូអង្វែង គឺយើងត្រូវតែបំពេញនូវលក្ខណៈចាំបាច់ជាមុន ទើបយើងត្រូវបន្តធ្វើការងារយូរអង្វែង ដើមី្បបំពេញតម្រូវការភាពចាំបាច់នៅពេលខាងមុខនេះ ។ ម៉្យាងទៀតក៏យើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក ។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។