ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យឯកជន ​គឺជាក្បាលម៉ាស៊ីននៃការរីកចម្រើន​របស់​ជាតិ

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំពីវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន នៃការរីកចម្រើនរបស់ជាតិ។

ក្នុង​ពិធីសម្ពោធ​គម្រោងថ្មីនៃបុរីមេគង្គលែន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលើកទឹកចិត្តឱ្យ​វិស័យ​ឯក​ជន​រីកចម្រើន នឹង​ផ្តល់លទ្ធភាព​ឱ្យ​គាត់ចែករំលែកការរីកចម្រើនទៅគ្រប់មជ្ឈដ្ឋាន ​ក៏ដូចជាការធ្វើឱ្យមានការ​កែប្រែ​លើក​កម្ពស់​មុខមាត់ប្រទេសជាតិ ​តាមរយៈ​សមិទ្ធផល​ធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែល​សម្រេច​បាននៅក្នុង​គម្រោង​ឯក​ជន។ នេះគឺ​ការ​និន្នាការ​រួមនៃការអភិវឌ្ឍរបស់​បណ្តាប្រទេស​នានា​លើ​សាកលលោក។

ឯកឧត្តម បានបន្ថែមទៀតថា តាមរយៈការពង្រីក​គម្រោងថ្មីនេះ​ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ​ផងដែរ​អំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារ​នៃ​វិស័យ​អចលន​ទ្រព្យ ​និងសំណង់នៅកម្ពុជា។ ម្យ៉ាងវិញទៀត ក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយ​នៃ​ការ​ចាប់​ផ្តើម​ស្ទុះងើ​បឡើងវិញ​នៃវិស័យអចលនទ្រព្យ និងសំណង់​ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាត​ត្បាត​សាកល​នៃ​ជំងឺ​កូវីដ​-១៩ ក្នុងរយៈពេលជិត០២ ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសយើង​កំពុង​ត្រូវបាន​បើកដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​ លើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញ​ក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការ​ចូលរួម​របស់សហគ្រិនក្នុងស្រុក៖ “ខ្មែរ​អាច​ធ្វើបាន” តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួម​បង្កើត​បាន​ជា​មោទនភាព​នៃការ​រីកចម្រើន​របស់ជាតិ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយ​សារការរាតត្បាត​នៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាច​រក្សាលំនឹងបាន​ និង​មិនថយក្រោយ ហើយថែម​ទាំង​បាន​ជួយ​ទប់​ស្កាត់ផលប៉ះពាល់​លើ​សេដ្ឋកិច្ចជាតិផងដែរ តាម​រយៈការធានាបាននូវការផ្តល់ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​វិបត្តិនេះ។ ​លំនឹងនេះ ក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពល​រដ្ឋ​ភាគ​ច្រើន​ដែល​បាន​ទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ និងម៉ាក្រូសេដ្ឋកិច្ច ក្នុង​រយៈ​កាល​កន្លងមកនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។