ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷វិមានឯករាជ្យ ខេត្តកំពង់ចាម នឹងសាងសង់រួចរាល់មុនថ្ងៃបុណ្យ ឯករាជ្យជាតិ ឆ្នាំ២០២២

(កំពង់ចាម) រយៈពេល ៦៨ឆ្នាំ (១៩៥៣-២០២១) រដ្ឋបាលខេត្តកំពង់ចាមសម្រេច សាងសង់ វិមានឯករាជ្យ មានទីតាំស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃចន្ទ​ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីក្រុងពាលី សែនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បដំណើរការសាងសង់ ស្ថិតក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត រួមជាមួយសហការី មន្ត្រីរាជការជុំវិញខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ពីមុនមកខេត្តកំពង់ចាមយើងពុំទាន់មានវិមានឯករាជ្យ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិនៅឡើយទេ ។ ដូច្នេះ ការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ គឺដើម្បីរំលេចនូវស្នាព្រះហស្ថជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ នូវបុណ្យឯករាជ្យជាតិ និងជាព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមព្រះហស្ថដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ ហើយសំណង់ថ្មីមួយនេះ ក៏ជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដមអភិបាលខេត្ត ថ្លែងបន្តថា ក្រៅពីនោះការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា កូនចៅជំនាន់ក្រោយៗបន្តទៀត ផងដែរ ។ ទន្ទឹមជាមួយនោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញទៅដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជា ការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ ខាងមុខផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោង នេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៦ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី០៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវសមិទ្ធផលនេះផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។