ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

(ភ្នំពេញ) នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើការរំកិលដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជារំលាយព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពី​តម្កល់​ធ្វើបុណ្យ​តាមបែប​ព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។

សូមបញ្ជាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអង្គបានយាងសោយព្រះទិវង្គត ​នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ​ក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។

ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងកាលពីម្សិលមិញ តាមរយៈ​យន្ត​ហោះពិសេស​ពីប្រទេសបារាំង ​ខណៈព្រះសពព្រះអង្គបានកំពុងតំកល់ធ្វើបុណ្យ​តាមបែបសាសនា​នៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។