ព័ត៌មានជាតិ

អបអរសាទរទិវាពិភពលោកទឹក លើកទី៣១ ក្រោមប្រធានបទ “ជម្រុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

(សៀមរាប) ៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមទិវាពិភពលោកទឹក លើកទី៣១ ក្រោមប្រធានបទ “ជម្រុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” ដែលរៀបចំឡើងនៅសាលាបឋមសិក្សា ទៀ បាញ់ គម្រូ​ ស្រុកពួកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ជាតំណាងឲ្យក្រសួង អភិវឌ្ឍន៍ជនបទ លោក លោកស្រី ជាតំណាងឲ្យ អង្គការអ៊ីសមីតវេសត៍ (លោកខាងលិចជួបខាងកើត) និងមូលនិធិទឹកសម្រាប់ស្ត្រី លោក លោកស្រី ជាប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក តំណាងឲ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លោក អភិបាលនៃគណៈអភិបាល ស្រុកពួក លោក លោកស្រីតំណាងឲ្យក្រុមប្រឹក្សាឃុំ ក្នុងស្រុកពួក មេភូមិ លោក លោកស្រី ជាតំណាងឲ្យអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលធ្វើការងារលើវិស័យផ្គត់ផ្គង់ទឹក និង អនាម័យជនបទ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ៣៥០ នាក់ចូលរួម ។

លោក សំកុល សុចិត្រា ក៏បានលើកឡើងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ ជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថាការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចអោយបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”​ និងបានចែករម្លែកសារសំខាន់ៗមួយចំនួនដើម្បីជាព័ត៌មាន និងចំណេះដឹងក្នុងឱកាស នៃទិវាពិភពលោកទឹកនាពេលនេះ គឺជាការរំលឹកពីសារៈសំខាន់នៃទឹកសម្រាប់ភពផែនដីរបស់យើង និងប្រជាជនទាំងអស់នៅលើពិភពលោក។ ដូចនេះ យើងគួរចាត់វិធានការដើម្បីធានាការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានដ៏មានតម្លៃនេះ ដើម្បីឱ្យមនុស្សជំនាន់ក្រោយអាចទទួលបានទឹកស្អាត និងសុវត្ថិភាព។ ក្នុងនោះផងដែរក៏បានលើកពីការសន្សំសំចៃនៃការប្រើប្រាស់ទឹកផងដែរ ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្នុងរៀបចំទិវាទឹកពិភពលោក ដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះ អង្គការអ៊ីសមីតវេសត៍ (លោកខាងលិចជួបខាងកើត) ក្រោមមូលនិធិទឹកសម្រាប់ស្រ្តី ដែលបានផ្តល់នូវការគាំទ្រឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីក្នុងថ្ងៃនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។