ព័ត៌មានជាតិ

លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (Technical Working Group on Agriculture and Water(TWG-AW)) រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ អេមព្រីសអង្គររីសតនិងស្ប៉ា ទីរួមខេត្តសៀមរាប លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (Technical Working Group on Agriculture and Water(TWG-AW)) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមសហប្រធានក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកសិកម្មនិងទឹក ០២រូប គឺឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំប្រចាំឆ្នាំនេះ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងកៀរគរសមាជិកក្រុមការងារទាំងអស់ ដើម្បី (១).ឆ្លុះបញ្ចាំងពីសមិទ្ធផលការងារកន្លងមក (បង្ហាញអំពីពេលវេលា) (២).កំណត់បញ្ហាប្រឈមលើការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារ និង(៣).កំណត់វិធីសាស្រ្តល្អៗ ដើម្បីធ្វើឱ្យដំណើរករក្រុមការងារកាន់តែប្រសើរឡើង (សហប្រតិបត្តិការមានប្រសិទ្ធភាព សកម្មភាពដែលមានការសម្របសម្រួល និងកៀរគរហិរញ្ញប្បទាន) ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវសហអនុប្រធាន សមាជិក សមាជិកា ទាំងអស់នៃក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក (TWG-AW) ដែលមកពីក្រសួង/ស្ថាប័នរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ចំនួន៧រូប។
ក្រុមការងារ TWG-AW ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ២០០៤ ដើម្បីដើរតួជាអង្គភាពសម្របសម្រួល និងជាយន្តការពិភាក្សាភាពជាដៃគូ ដែលប្រមូលអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវអាទិភាពអភិវឌ្ឍន៍ជាតិដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តរបស់វិស័យ/កម្មវិធីកំណែទម្រង់នានា។ បច្ចុប្បន្ននេះ មានក្រុមការងារបច្ចេកទេសចម្រុះចំនួន ២០ កំពុងដំណើរការនៅតាមវិស័យ និងកម្មវិធីកំណែទម្រង់អភិបាលកិច្ច។
ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក TWG-AW មានភារកិច្ច និងតួរនាទី សំខាន់ៗរួមមាន៖ (១)ជំរុញកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយ ដើម្បីធានាសង្គតិភាពនៃយុទ្ធសាស្រ្ដ ឬកម្មវិធីផ្ដល់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនជាមួយនឹងផែនការយុទ្ធសាស្រ្ដរបស់វិស័យ (២)កៀរគរ សម្របសម្រួល និងប្រើប្រាស់ធនធាន ដើម្បីឆ្លើយតបជាមួយគោលនយោបាយអាទិភាពនៃផែនការយុទ្ធសាស្រ្ដរបស់វិស័យសំដៅចូលរួមចំណែកក្នុងការសម្រេចបានផែនការ និងកម្មវិធីនយោបាយជាតិ ពិសេសយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាល (៣)ជំរុញការពិភាក្សា និងធ្វើវិចារណកម្ម កម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិលសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មក្នុងការកៀរគរហិរញ្ញប្បទានពីដៃគូពាក់ព័ន្ធនានា (៤)រៀបចំរបាយការណ៍វឌ្ឍនភាពនៃក្រុមការងារបច្ចេកទេសចម្រុះ និងឯកសារវិភាគនានាអំពីប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្ដិការអភិវឌ្ឍន៍ ដើម្បីផ្ដល់ទិសដៅការងារ និងព័ត៌មានដល់សមាជិកក្រុមការងារទាំងអស់សម្រាប់ការអនុវត្ដផែនការយុទ្ធសាស្រ្ដរបស់វិស័យ និងជាតិឱ្យបានជាប្រចាំ (៥)រៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្ដិការអភិវឌ្ឍន៍ដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្ដថវិការបីឆ្នាំរំកិល (៦)ផ្ដល់ការគាំទ្រដល់អនុក្រុមការងារបច្ចេកទេសទាំងអស់ក្នុងការអនុវត្ដការងារឱ្យមានប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិសំដៅសម្រេចឱ្យបានគោលដៅរបស់វិស័យនិងជាតិ និង (៧)រាយការណ៍ជាប្រចាំជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវលទ្ធផលការងារ និងស្នើឡើងនូវវិធានការចាំបាច់នានា ដើម្បីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ ពិចារណ និងរាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។