ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម, ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

(កំពង់ចាម) ៖ ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអានសារលិខិត និងសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។