ព័ត៌មានជាតិ

សូមអបអរសាទរ ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់(សមិទ្ធផលពេញមួយជីវិតមេដឹកនាំឆ្នើម)

(ភ្នំពេញ) ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ទទួល​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ពិភពលោក​នា​ពេល​នេះ គឺជា​សក្ខីកម្ម​នៃ​ភាព​ជោគជ័យ​ដ៏​ត្រចេះ​ត្រចង់​នៃ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​តាម​រយៈ​ការ​អនុវត្ត «​គោលនយោបាយ​ឈ្នះ​-​ឈ្នះ>​។

ថ្លែង​ក្នុង​ឱកាស​ទទួល​ពានរង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​» ប្រគល់​ជូន​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ដ្រ​សម្រាប់​អាស៊ី​ហ្វិ​ក (KSI) ស្ដី​ពី​«​ការ​បង្កើត​ទំនាក់ទំនង​អាស៊ាន​-​ចិន​» ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា​៖«​ការ​ទទួល​បាន​នូវ​ពានរង្វាន់​ដ៏​វិសេសវិសាល​នេះ គឺជា​សក្ខីកម្ម​នៃ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​តាម​រយៈ​ការ​អនុវត្ត​«​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» ដែល​បាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​, សន្តិភាព និង​ស្ថិរភាព​នយោបាយ​។

ការណ៍​នេះ បាន​ក្លាយជា​ច​លករ និង​ចន្ទល់​ដ៏​រឹង​មាំ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​សម្រេច​បាន​ក្នុង​អត្រា​៧ ភាគរយ ជា​មធ្យម​ប្រចាំឆ្នាំ​រហូត​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មាធិការ​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​បាន​ទទួលស្គាល់​នូវ​ស្នាដៃ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​ក្នុង​រយៈពេល​ជាង​៤​ទសវត្សរ៍​កន្លង​ទៅ​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​រៀបរាប់​ថា ចាប់តាំងពី​កម្ពុជា​បាន​ក្លាយ ជា​សមាជិក​ទី​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ក្នុង​ឆ្នាំ​១៩៩៩ កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​មួយ​ដែល​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង សកម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​បាន​កសាង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​បណ្តា​ប្រទេស​នានា ហើយ​បាន​កំពុង​ចូលរួម​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​អន្តរជាតិ​ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក​។
សម្ដេច​តេ​ជោ បន្ដ​ថា ជាក់ស្ដែង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដឹកនាំ និង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០០២, ២០១២ និង​២០២២ គឺជា​មោទនៈភាព​ជាតិ​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​បង្ហាញ​ដល់​ពិភព លោក​អំពី​ស្មារតី​រួមចំណែក​ដល់​ការ​កសាង​សហគមន៍​អាស៊ាន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ដើម្បី​សន្តិភាព ស្ថិរភាព​, សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​សកលលោក និង​តំបន់​។

លើស​ពី​នេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី​លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០២២​នេះ កម្ពុជា បាន​ទទួល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ជា​លើក​ទី​៣ ស្រប​ពេល​ដែល​តំបន់ និង​សកលលោក​កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​គ្រប់​ទិស​ទី​រួម​មាន ៖ ការ​ប្រកួតប្រជែង ផ្នែក​ភូមិសាស្ត្រ​នយោបាយ​, សង្គ្រាម​, ជំងឺ​កូ​វី​ដ​-១៩, វិបត្តិ​ស្បៀងអាហារ និង​ថាមពល​, និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ទោះបី​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ក្តី​, កម្ពុជា​បាន​ដឹកនាំ​នាវា​អាស៊ាន​ប្រកបដោយ​ជោគជ័យ​ក្រោម​មូលបទ «​អាស៊ាន​រួម​គ្នា​ធ្វើ ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​» ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យកចិត្តទុកដាក់​លើ​របៀបវារៈ​សម្រាប់​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ និង​ការ​ព្យាយាម​ប្រមូល​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​មហាអំណាច​ធំ​ៗ,​បណ្ដុះ​ទំនាក់ទំនង​មិត្តភាព​, ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ទាំង​សង្គម និង​សេដ្ឋកិច្ច​, កសាង​ទំនុកចិត្ត​ជាមួយ​ប្រទេស​ដៃគូ​, និង​ជា​ពិសេស ដើម្បី​ជំរុញ​សមាហរណកម្ម​តំបន់ និង​សម្រេច​ឱ្យ​បាន​នូវ​«​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។