ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមក្នុងពិធីបុណ្យធូរេនប្រចាំឆ្នាំរបស់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ

(ឧត្តរមានជ័យ) :កាលពីថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំប្រតិភូរខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមក្នុងពិធីបុណ្យធូរេន ប្រចាំឆ្នាំរបស់ខេត្តស៊ីសាកេត ក្រោមការរៀបចំរបស់ ឯកឧត្ដម វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាព ឯកឧត្ដម អាខុំ ដឺមភីតថ្យាផៃស៊ីត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលដៅនៃការធ្វើដំណើរចូលរួមនេះ គឺដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រជាជន និងរវាងខេត្ត និងខេត្តដែលជាប់ព្រំដែនជាមួយគ្នា ហើយកសាងសាមគ្គីភាព រវាងប្រជាជននៅកម្ពុជា និងថៃផងដែរ។ ទន្ទឹមនឹងនោះដែរ គឺដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមក រវាងប្រជាជនកម្ពុជា និងថៃថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ថ្លែងអំណរគុណ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ ដែលបានផ្ដល់កិត្តិយសឲ្យឯកឧត្ដម ក៏ដូចជាប្រតិភូខេត្តឧត្ដរមានជ័យ បានចូលរួមកម្មវិធីបុណ្យធូរេន ប្រចាំឆ្នាំរបស់ខេត្តស៊ីសាកេត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។