ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ចំនួន ៣០០គ្រួសារ នៅឃុំជ្រៃ ស្រុកមោងឫស្សី

(បាត់ដំបង) ៖ ព្រឹកថ្ងៃទី១០  ខែមិថុនា  ឆ្នាំ២០២២ នេះឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំជ្រៃ និងលោកជំទាវ រួមនឹងក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ។

អំណោយដែលបានប្រគល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ នាឱកាសនេះ ទោះបីតិចតួចក្តី ប៉ុន្តែគឺជាការរួមចំណែកសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់ពិភពលោក ក៏ដូចជាកម្ពុជាយើង ។

ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោក ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ និងសេដ្ឋកិច្ចសង្គមធ្លាក់ចុះ ប៉ុន្តែយើងក៏អាចនិយាយបានថា ជាភ័ព្វសំណាងខ្ពស់មួយសម្រាប់ប្រជាជនកម្ពុជាយើង ដែលមានរាជរដ្ឋាភិបាល ប្រកបដោយភាពឈា្លសវៃ និងប៉ិនប្រសប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជាបន្ទាន់នូវវិធានការបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព មានជាអាទិ៍ដូចជា ការអប់រំផ្សព្វផ្សាយអោយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការការឆ្លងរាលដាលជំងឺនេះ ជាពិសេសវិធានការ ៣កុំ ៣ការពារ ភាពម្ចាស់ការខ្ពស់ និងប្រកបដោយការបត់បែនរហ័សក្នុងការស្រាវជ្រាវរកអ្នកជំងឺ ការព្យាបាល និងការដាក់អោយនៅដោយឡែក សម្រាប់អ្នកពាក់ព័ន្ធ ការខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ជាទិញ និងការស្នើសុំ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងផលប៉ះពាល់ខ្លាំង និងវិធានការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ ជាដើម ។

បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្នមានការធូរស្រាលជាងមុនក្តី ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយទេ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពអោយបានជាប្រចាំ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាល ផ្តល់ជូន៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។